(វ៉ាស៊ីនតោន)៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះ នៅឯសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្នុងទីក្រុង San Bernardino នៃរដ្ឋ California នៅថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយបណ្ដាលឱ្យគ្រូបង្រៀនម្នាក់ និងក្មេងប្រុសអាយុ០៨ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិត ខណៈក្មេងពីរនាក់ទៀតបានរងរបួសធ្ងន់ មុនរូបគេ​បាញ់​សម្លាប់ខ្លួនឯង។ នេះបើតាមប៉ូលិសនៅក្នុងតំបន់ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ អង្គារ ទី១១ ខែមេសា ឆ្នាំ២០១៧។

ប្រភពដដែល​បានឱ្យដឹងទៀតថា បុរសជាខ្មាន់កាំភ្លើង​ឈ្មោះថា Cedric Anderson មានអាយុ​៥៣ឆ្នាំ និងជាអ្នករស់​នៅក្នុងតំបន់ ហើយក៏ជាអតីត​ប្ដីរបស់អ្នក​គ្រូម្នាក់ឈ្មោះ Karen Elaine Smith អាយុ៥៣ឆ្នាំ ដែលត្រូវបានបាញ់​សម្លាប់ផងដែរ។ ទន្ទឹមគ្នានោះដែរ​ប៉ូលិសមិនទាន់បានបញ្ជាក់ នៅឡើយទេ​ពីហេតុផលនៃ​ការបាញ់ប្រហារនេះ ស្របពេលពួកគេ​កំពុងរឹតបន្តឹង​សន្តិសុខ នៅឯសាលា​បឋមសិក្សា North Park Elementary School៕