(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅថ្ងៃចន្ទនេះថា ការបង្គាប់បញ្ជា របស់លោកទៅកាន់កម្លាំងយោធាឲ្យធ្វើការពង្រឹងតំបន់មួយចំនួន ដែលទីក្រុងម៉ានីលគ្រប់គ្រងនៅ ដែនសមុទ្រចិនខាងត្បូង គឺដើម្បីរក្សាតុល្យភាពភូមិសាស្រ្តនយោបាយ ហើយលោក ឌូតឺតេ បានធានាអះអាងដល់ប្រទេសចិនថា ពុំមានសព្វាវុធទំនើបៗណាមួយត្រូវបានបំពាក់នៅទីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា ហ្វីលីពីនចង់បានសន្តិភាព និងចំណងមិត្តភាពជាមួយចិន ប៉ុន្តែប្រទេសរបស់លោក ត្រូវការពង្រឹងទឹកដីដែលខ្លួនមាននៅប្រជុំកោះ Spartly ក្នុងដែនសមុទ្រចិនខាងត្បូង ដោយសារតែរូបលោកបានអះអាងថា អ្នករាល់គ្នាកំពុងតែស្រវ៉ាចាប់យកបណ្តាកោះនិងតំបន់ថ្មប៉ប្រះទឹកនានា នៅក្នុងផ្លូវទឹកមានជម្លោះនេះ។ លោក ឌូតឺតេ បានបញ្ជាក់ប្រាប់ទីក្រុងប៉េកាំងថា ទីក្រុងម៉ានីលពុំមានបំណងចង់ដំឡើងសាច់ដុំយោធានោះទេ ហើយបានសន្យាថា នឹងពុំមានសព្វាវុធទំនើបៗណាត្រូវបំពាក់នៅទីនោះឡើយ។
គួរបញ្ជាក់ថាបុរសខ្លាំងហ្វីលីពីនរូបនេះ បានធ្វើឲ្យមានក្តីព្រួយបារម្ភឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ រួមមានទាំងទីក្រុងប៉េកាំងផងដែរ នៅពេលដែលរូបលោក ឌូតឺតេ បាននិយាយថារូបលោក បានចេញបញ្ជាឲ្យកងកម្លាំងយោធាទៅកាន់កាប់ បណ្តាកោះនិងតំបន់ថ្មប៉ប្រះទឹកទំនេរៗ ដែលហ្វីលីពីនបានទាមទារគ្រប់គ្រងនៅប្រជុំកោះ Spratly ក្នុងដែនសមុទ្រចិនខាងត្បូង ប៉ុន្តែមន្រ្តីយោធាការពារជាតិហ្វីលីពីន បានចេញមុខបកស្រាយវិញថា គំរោងនោះគឺដើម្បីអភិវឌ្ឍន៍មូលដ្ឋានដែលហ្វីលីពីនមានវត្តមានស្រាប់ ដោយមិនមែនទៅរុករានកាន់កាប់តំបន់កោះថ្មីឡើយ៕