(កង់ប៊េរ៉ា)៖ ក្រសួងការពារជាតិអូស្ត្រាលីបានប្រកាសថា ខ្លួននឹងធ្វើការអភិវឌ្ឍព្រមទាំងដាក់ពង្រាយប្រព័ន្ធ មីស៊ីលការពារដែនអាកាសប្រភេទថ្មី ដើម្បីបង្កើនសក្តានុពលនៃវិស័យការពារជាតិ ដែលមានឈ្មោះថា NASAMS ដែលវានឹងក្លាយជាខែលដ៏មានប្រសិទ្ធភាពរបស់កងកម្លាំងការពារដែនអាកាស នៅប៉ុន្មានខែ​ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍​របស់រដ្ឋមន្ត្រី​ការពារជាតិអូស្ត្រាលី​លោកស្រី Marise Payne បានបញ្ជាក់​នៅថ្ងៃចន្ទនេះយ៉ាង​ដូច្នេះ​ទៀតថា «វាជាគឺជាការអភិវឌ្ឍប្រព័ន្ធថ្មី លើប្រព័ន្ធការពារមីស៊ីលចាស់​ដែលមាន​អាយុកាល ៣០ឆ្នាំមកហើយ។ ប្រព័ន្ធការពារមីស៊ីលថ្មីដែលនឹងយកមកបំពាក់បន្ថែម គឺនឹងត្រូវប្រើប្រាស់​ដើម្បីការពារកងកម្លាំងរបស់យើង ទប់ទល់នឹងការគំរាមកំហែងតាមដែនអាកាស ទាំងនៅលើពិភពលោក និងក្នុងតំបន់របស់យើង»

គួរបញ្ជាក់ថាប្រព័ន្ធការពារមីស៊ីលចាស់របស់អូស្ត្រាលីមានអាយុកាល ៣០ឆ្នាំមកហើយ ដែលវានឹងផុត​កំណត់នៅប៉ុន្មាន​ឆ្នាំខាងមុខនេះ។ សម្រាប់ប្រព័ន្ធថ្មីដែលនឹងត្រូវយកមកបំពាក់បន្ថែម ដើម្បីបង្កើតអានុភាពលើប្រព័ន្ធដែលមានស្រាប់នេះ នឹងអាចការពារដែនអាកាស និងកន្លែងឈរជើងរបស់កងទ័ពអូស្ត្រាលី បានកាន់តែប្រសើរឡើងជាងមុនទៀត៕