(អាមេរិក)៖ អាចម៍ផ្កាយដ៏មហិមាមួយនឹងហោះឆ្លតកាត់ កៀកនឹងភពរបស់យើងនៅក្នុងខែមេសានេះ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តបាន និងកំពុងធានាអះអាងដល់មនុស្សលោកថា ដុំថ្មអវកាសដ៏ធំសម្បើមនេះ នឹងមិនមកបុកផែនដី ហើយសម្លាប់អ្នករាល់គ្នានោះឡើយ ប៉ុន្តែវាគឺជាការហោះឆ្លងកាត់ដ៏ជិតមួយ ស្ទើរតែអាចបណ្តាលឲ្យភពដែលជាផ្ទះរបស់យើងបែកខ្ទេចខ្ទីរបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
អង្គការ NASA បានឲ្យដឹងថាអាចម៍ផ្កាយដ៏ធំមួយ នឹងហោះកាត់ផែនដីនាថ្ងៃទី១៩ ខែមេសាខាងមុខនេះ ប៉ុន្តែវានឹងស្ថិតនៅចម្ងាយប្រហែល ១.៧លានគីឡូម៉ែត្រពីភពរបស់យើងឯណោះ។ ដោយឡែកទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជាក់ដូច្នេះថា ទោះបីជាលទ្ធភាព សម្រាប់អាចម៍ផ្កាយនេះមកប៉ះទង្គិចជាមួយភពរបស់យើង ពុំអាចកើតមានឡើងក៏ដោយនេះគឺជាការធ្វើដំណើរឆ្លងកាត់ដ៏សែនកៀកបំផុត មួយរបស់អាចម៍ផ្កាយដ៏ធំសម្បើមគួរឲ្យខ្លាចបែបនេះ។
គួរបញ្ជាក់ថាអាចម៍ផ្កាយមានឈ្មោះសម្គាល់ថា «2014 JO25» ត្រូវបានរកឃើញជាលើកដំបូងដោយក្រុមតារាវិទូកាលពីឆ្នាំ២០១៣ នៅឯមជ្ឈមណ្ឌលស្ទាបស្ទង់ផ្ទៃមេឃក្នុងរដ្ឋអារីហ្សូណា។ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ប្រមាណថា អាចម៍ផ្កាយនេះមានទំហំជាង៦០០ម៉ែត្រ រីឯការហោះឆ្លងកាត់របស់វា គឺជាការធ្វើដំណើរដ៏កៀកបំផុត ដែលអាចម៍ផ្កាយធ្លាប់បានមកជិតផែនដី នៅក្នុងរយៈពេលយ៉ាងតិច៤០០ឆ្នាំកន្លងផុតទៅនេះ៕