(ឡុងដ៍)៖ អាជ្ញាធរនិយ័តកម្មអង់គ្លេស បានបើកការស៊ើបអង្កេតលើនាយកប្រតិបត្តិ (CEO) ធនាគារ Barclays លោក Jes Staley រួមទាំងធនាគារអង់គ្លេសមួយនេះតែម្ដង ពាក់ព័ន្ធនឹងការព្យាយាម កំណត់ពីអត្តសញ្ញាណអ្នករាយការណ៍ពី អំពើពុករលួយដែលបានកើតឡើង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនធនាគាអង់គ្លេស Barclays បានឱ្យដឹងថា ការស៊ើបអង្កេតនេះ ដឹកនាំដោយអាជ្ញាធរហិរញ្ញវត្ថុ និងអាជ្ញាធរនិយ័តកម្មធនាគារអង់គ្លេសក្នុងគោលបំណងបកស្រាយអំពីរឿងរ៉ាវរបស់លោក Jes Staley កាលពីឆ្នាំមុនដែលបានសុំឲ្យមានការបញ្ជាក់អត្តសញ្ញាណម្ចាស់សំបុត្រម្នាក់ ដែលបានរាយការណ៍ពីភាពមិនប្រក្រតី និងអំពើពុករលួយនៅក្នុងធនាគារអង់គ្លេសដ៏ធំមួយនេះ។
គួរបញ្ជាក់ថាបើតាមការស៊ើបអង្កេតដាច់ដោយឡែក ធ្វើឡើងដោយក្រុមប្រឹក្សាភិបាលធនាគារ Barclays លោក Staley ពិតជាបានប្រព្រឹត្តកំហុស ហើយពួកគេក៏នឹងចេញលិខិតព្រមាន និងកាត់ប្រាក់ខែ CEO រូបនេះផងដែរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ពួកគេបែរជាអះអាងថានឹងគាំទ្ររូបលោកឱ្យបន្ត កាន់តំណែងជា CEO ដដែលនៅក្នុងការបោះឆ្នោតមួយ ដែលនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះទៅវិញ។ រីឯកំហុសរបស់លោក Jes Staley ក៏ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយដែរ៕