(វ៉ាស៊ីនតោន)៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរីបាននិងកំពុងបង្កជា ភាពចម្រូងចម្រាស់យ៉ាងខ្លាំងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានអះអាងថា ការប្រើប្រាស់កម្លាំងយោធាលើស៊ីរីនេះ មិនមែនសំដៅតែ ទៅលើស៊ីរីនោះទេ ប៉ុន្តែវាក៏ជាសារព្រមានដល់កូរ៉េខាងជើងថា សហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា នៅក្នុងករណីចាំបាច់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានថ្កោលទោស និងចាត់ទុកថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើស៊ីរី គឺជាសកម្មភាពឈ្លានពានមិនអាចអត់ឱ្យបាន ដូច្នេះទើបកូរ៉េខាងជើងត្រូវតែមាន និងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ លោក ធីល្លឺសុន នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ CBS បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារលើមូលដ្ឋានទ័ពអាកាសស៊ីរី ឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមី គឺជាការព្រមានចំពោះប្រទេសដទៃៗទៀត រួមទាំងកូរ៉េខាងជើងថា ពួកគេនឹងបានភ្លក់មេរៀនដូចជាស៊ីរី បើសិនជាហ៊ានបង្កគ្រោះ ថា្នក់»។
ទោះបីយ៉ាងណាការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង ប្រហែលជាមិនអាចកើតឡើងឡើយ ជាក់ស្ដែងបើតាមប្រភពពីក្រសួងការពារជាតិជប៉ុន ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ មានភាគរយតិចណាស់ដែលសហរដ្ឋអាមរិក នឹងវាយប្រហារលើទីក្រុងព្យុងយ៉ាង។ ម្យ៉ាងវិញទៀត បើទោះជាសហរដ្ឋអាមេរិក ប្រកាសសង្រ្គាមជាមួយកូរ៉េខាងជើង ក៏ជប៉ុននិងកូរ៉េខាងត្បូង មុខជានឹងចេញមុខរារាំង មិនឱ្យសម្ព័ន្ធមិត្តចាក់ទឹកមិនលិច មួយនេះធ្វើដូច្នោះដែរ ព្រោះថាបើសង្រ្គាមផ្ទុះឡើង កូរ៉េខាងត្បូង និងជប៉ុនគឺជាជនរងគ្រោះពិតប្រាកដ មិនមែនសហរដ្ឋអាមេរិកនោះទេ៕