(សេអ៊ូល)៖ បេសកជននុយក្លេអ៊ែរចិន លោក Wu Dawei បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ នៅថៃ្ងចន្ទនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃ ដើម្បីពិភាក្សាលើសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង ខណៈកងនាវាពិឃាតអាមេរិកកំពុងធ្វើដំណើរទៅកាន់តំបន់ឧបទ្វីបកូរ៉េ នៅក្នុងបរិបទដែល កូរ៉េខាងជើងទំនងជានឹងអាចបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅចំខួបកំណើតលើកទី១០៥ នៃបិតាស្ថាបនិកកូរ៉េខាងជើងលោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន) នៅថ្ងៃទី១៥ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់លោក Wu Dawei ធ្វើឡើងបន្ទាប់ពីជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនដោយមានសារព្រមាន ក៏ដូចជាក្រើនរំលឹកចិន និងទីក្រុងព្យុងយ៉ាងតាមរយៈទង្វើដែល លោក ត្រាំ បានបញ្ជាឱ្យយោធាអាមេរិកបាញ់ មីស៊ីល៥៩គ្រាប់លើមូលដ្ឋានទ័ពស៊ីរីនោះ។
គួរបញ្ជាក់ថាបើតាមការគ្រោងទុក លោក Wu Dawei នឹងជជែកពិភាក្សាការងារជាមួយសមាភាគីកូរ៉េខាងត្បូង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក THAAD ដែលចិនចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន៕