(ប៉េកាំង)៖ ប្រទេសចិនកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រឆាំងនឹងបណ្តាញស៊ើបការណ៍ សម្ងាត់របស់បរទេសចាប់ពីថ្ងៃចន្ទនេះតទៅ ដោយនឹងផ្តល់ប្រាក់រង្វាន់ជាទីគាប់ចិត្តចន្លោះពី ១,៥០០ដុល្លារ ដល់៧៣,០០០ដុល្លារ ទៅដល់ប្រជាពលរដ្ឋរូបណាដែលអាចរាយការណ៍ពីជនសង្ស័យដែលអាចជាភ្នាក់ងារចារកិច្ចបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋ Beijing Daily បានលើកឡើងថា «តម្រូវការដ៏ចាំបាច់សម្រាប់វិធានការថ្មី ដើម្បីការពារខ្លួនប្រឆាំងនឹងអំពើចារកម្មរបស់បរទេស គឺជាឥទ្ធិពលដ៏អកុសលមួយនៃការធ្វើកំណែទម្រង់ ក៏ដូចជាការបើកទូលាយចំពោះពិភពលោករបស់ចិន។ បណ្តាញស៊ើបការណ៍សម្ងាត់បរទេស បានឆក់យកឱកាសនេះ ប៉ុនប៉ងធ្វើការបំផ្លិចបំផ្លាញប្រទេសរបស់យើងតាមរយៈការលូកលាន់, បំបែកបំបាក់, និងបះបោរផ្នែកនយោយ រួមទាំងការលួចយកកិច្ចការសម្ងាត់របស់រដ្ឋទៀតផង»។
កាសែតខាងលើដដែលបានបន្ថែមថា ការិយាល័យសន្តិសុខជាតិនៃរដ្ឋធានីប៉េកាំងកំពុងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យស្វះស្វែងចូលរួមចំណែកក្នុងខិតខំប្រឹងប្រែងប្រឆាំងនឹង ការស៊ើបការណ៍សម្ងាត់ពីសំណាក់បរទេស តាមរយៈការផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០យ័នដល់៥០០,០០យ័ន ដែលស្មើនឹង ១,៥០០ដុល្លារដល់៧៣,០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ព័ត៌មានទាំងឡាយពាក់ព័ន្ធជាមួយភ្នាក់ងារចារកិច្ចនៃប្រទេសដទៃ។
គួរបញ្ជាក់ថាចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៣មក ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានត្រួតពិនិត្យក៏ដូចជាចាត់ចែងលើច្បាប់ និងយុទ្ធនាការជាច្រើនដើម្បីរក្សាការពារសន្តិសុខជាតិចិន ប្រឆាំងនឹងការគំរាមកំហែងពីក្នុងនិងក្រៅប្រទេស៕