(អេហ្ស៊ីប)៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ តាមកញ្ចប់ទូរទស្សន៍ ដាក់ប្រទេសរបស់លោកឲ្យស្ថិតក្នុងគ្រាអាសន្នរយៈពេលបីខែ បន្ទាប់ពីមានការ វាយប្រហារដ៏ប្រល័យចំនួនពីរកន្លែងផ្ទួនៗគ្នា ទៅលើវិហារសាសនាគ្រិស្តនាថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាលទ្ធផលបានបន្សល់ទុកមនុស្សស្លាប់ និងរបួសជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើង នាវេលាល្ងាចថ្ងៃអាទិត្យម្សិលមិញពោលនៅប៉ុន្មានម៉ោង ក្រោយការបំផ្ទុះគ្រាប់ចំនួនពីរកន្លែងក្នុងទីក្រុងភាគខាងជើងប្រទេសអេហ្ស៊ីប ដែលបានស្លាប់ជីវិតមនុស្សសរុបកើនដល់ចំនួន៤៤នាក់ និងបណ្តាលឲ្យជាង១២០នាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់ ហើយជនរងគ្រោះភាគច្រើនគឺជាអ្នកថ្វាយបង្គំ ដែលបានទៅចូលរួមពិធីបុណ្យសាសនា Palm Sunday។
យោងតាមការឲ្យដឹងពីក្រសួងសុខាភិបាលអេហ្ស៊ីប ការវាយប្រហារនៅព្រះវិហារ Mar Girgis នៃទីក្រុង Tanta ក្នុងខេត្ត Gharbiya បានបន្សល់ទុកមនុស្សស្លាប់យ៉ាងតិចចំនួន២៧នាក់ និងរបួស៧៨នាក់ ខណៈការបំផ្ទុះគ្រាប់បែកអត្តឃាតបន្ទាប់មកមួយទៀតនៅព្រះវិហារ Saint Mark នៃទីក្រុង Alexandria បានសម្លាប់ជីវិតមនុស្សចំនួន១៧នាក់ និងបានបង្កឲ្យ៤៨នាក់ទៀតរបួសជាទម្ងន់។
គួរបញ្ជាក់ថា ជុំវិញទង្វើដ៏ខ្មៅងងឹតនេះក្រុមអ្នកភេរវករ ISIS បានចេញមុខអះអាងថាជាស្នាដៃរបស់ខ្លួន៕