(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ភាគខាងជើង ខេត្ត Samar នៃភាគកណ្ដាលប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃចន្ទនេះតែម្តង។ នេះបើតាមវិទ្យាស្ថានឃ្លំាមើល បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីហ្វីលីពីន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោងប្រមាណ ៨៖៤៣នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជំរៅរញ្ជួយ២៧គីឡូម៉ែត្រទៅក្នុងដីស្ថិតនៅភាគឦសាននៃទីក្រុង Mapanas នៃភាគខាងជើងខេត្ត Samar ហើយមិនតែប៉ុណ្ណោះគ្រោះរញ្ជួយដីនេះ ក៏បានបង្ករំញ័រដល់ខេត្តបណ្តាក្បែរខាងមួយចំនួនដូចជា Leyte, Sorsogon និងខេត្ត Albay។ ក៏ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏អាចកើតមានការបំផ្លិចបំផ្លាញនៅឡើយទេ៕