(អាមេរិក)៖ ភពព្រហស្បតិ៍ (Jupiter) ត្រូវបានផ្តិតយកដោយភាពលម្អិតពុំធ្លាប់មានពីមុនមកនោះឡើយ នៅក្នុងរូបភាពថ្មីមួយដែលទើបតែត្រូវបានបង្ហាញជាសាធារណៈ ដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
រូបភាពខាងលើដែលត្រូវបានថតយកដោយកែវយឺតអវកាស Hubble បង្ហាញពីភពឧស្ម័នយក្សនេះ នៅក្នុងទីតាំងគោចរផ្ទុយពីព្រះអាទិត្យ និងផែនដី។ នៅខណៈពេលដែលរូបថតនេះត្រូវបានផ្តិតយក ភព ឬផ្កាយទាំងបីនេះស្ថិតលើខ្សែបន្ទាត់តែមួយ ដោយភពរបស់យើងនៅចន្លោះព្រះអាទិត្យ និងភពព្រហស្បតិ៍។ អ្វីដែលពិសេសនោះ គឺនៅចំណុចនេះបរិយាកាសពោរពេញដោយពណ៌ចម្រុះល្អឥតខ្ចោះរបស់ភពព្រហស្បតិ៍ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពេញលេញ ដោយសារតែវាស្ថិតនៅរយៈចម្ងាយដ៏កៀកបំផុតនឹងភពផែនដី ពោលគឺប្រមាណជា៦៦៨លានគីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។
ភពព្រហស្បតិ៍គឺជាភពដ៏ធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនិងទំហំធំជាងដល់ទៅពីរដងកន្លះ បើធៀបនឹងការរួមបញ្ចូលគ្នានូវទំហំនៃភពទាំងអស់។ លក្ខណៈដ៏ពិសេសដាច់គេនៅក្នុងរូបភាពថ្មីដែលទើបតែថតយកបាននេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «ចំណុចក្រហមដ៏អស្ចារ្យ (Great Red Spot)» ជាព្យុះដែលវិលបញ្ច្រាស់ទ្រនិចនាឡិការ ឬមួយក៏តំបន់នៃសម្ពាធដ៏ខ្លាំងក្លា ដែលត្រូវបានតាមដានដោយក្រុមអ្នកវិទ្យាសាស្រ្តអស់រយៈពេលយ៉ាងតិច១៥០ឆ្នាំ។
ព្យុះមហិមាខាងលើនេះ មានទំហំធំជាងភពផែនដីរបស់យើងទាំងមូលទៅទៀត ប៉ុន្តែវាកំពុងតែរួមមាឌបន្តិចម្តងៗហើយកាន់តែមូលទៅៗ ទោះបីជាពុំត្រូវបានគេដឹងថាមកពីមូលហេតុអ្វីឲ្យប្រាកដយ៉ាងណាក្តី។ ក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថាបណ្តារូបភាព ដូចដែលបានផ្តិតយកដោយកែវយឺតអវកាស Hubble នឹងអាចជួយពួកគេក្នុងការពន្យល់បកស្រាយពីបាតុភូតនេះ។
គួរបញ្ជាក់ថាកែវយឺតអវកាស Hubble ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងផែនដីកាលពីទសវត្សរ៍ឆ្នាំ៩០ ហើយវាបានផ្តិតយករូបភាពដ៏អស្ចារ្យៗជាច្រើននៃទីអវកាសដ៏ធំល្វឹងល្វើយ ចេញពីទីតាំងនោះ៕