(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សង្រ្គាមនៅស៊ីរី អាចដោះស្រាយបានតាមដំណោះស្រាយនយោបាយតែមួយប៉ុណ្ណោះ មិនមែនការផ្លាស់ប្ដូររបបដឹកនាំ (លោក បាហ្សា អាល់ អាស្សាដ) ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរីទៅវិញទេ ដែលជាគោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ ABC លោក ធីល្លឺសុន បានលើកឡើងដូច្នេះថា «យុទ្ធសាស្ត្រជាអាទិភាពរបស់យើងនៅស៊ីរី គឺកម្ចាត់ពួក ISIS មិនមែនផ្លាស់ប្ដូររបបដឹកនាំនោះទេ ពោលគឺសង្រ្គាមនៅស៊ីរី អាចបញ្ចប់បានតាមរយៈដំណោះស្រាយនយោបាយតែមួយប៉ុណ្ណោះ ហើយតាមរយៈដំណោះស្រាយ នេះទៀតសោតយើងជឿជាក់ថា ប្រជាជនស៊ីរីនឹងអាចកំណត់ ឬក៏សម្រេចចិត្តលើជោគវាសនារបស់លោក បាស្សា អាល់ អាស្សាដ (...) យើងក៏សង្ឃឹមដែរថា អាចនឹងទទួលបានការគាំទ្រពីរុស្ស៊ី ដើម្បីស្វែងរកស្ថេរភាពសម្រាប់ស៊ីរី បើទោះបីជាយើងដឹងយ៉ាងច្បាស់ថា រុស្ស៊ីជាសម្ព័ន្ធមិត្តរបស់លោក អាស្សាដ ក៏ដោយក៏ប៉ុន្តែពួកគេត្រូវតែប្រើឥទ្ធិពលលើលោក អាស្សាដ។ ទោះបីជាយ៉ាងណា រុស្ស៊ីត្រូវគិតឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះការបន្តគាំទ្រលោក បាហ្សា អាល់ អាស្សាដ»។
គួរបញ្ជាក់ថាការលើកឡើងរបស់លោក ធីល្លឺសុន គឺផ្ទុយទំាងស្រុងទៅនឹងអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាលី ដែលធ្លាប់បានអះអាងថា បើសិនជាលោក អាស្សាដ នៅបន្តកាន់តំណែង ស៊ីរីគ្មានផ្លូវនឹងទទួលបានសន្តិសុខនោះទេ។ ម្យ៉ាងវិញទៀតសូម្បីតែ លោក ដូណាល់ ត្រាំ ផ្ទាល់ ដែលពីមុនធ្លាប់ចង់បង្កើតសម្ព័ន្ធភាពជាមួយស៊ីរី ក៏បានផ្លាស់ប្ដូរការយល់ឃើញរបស់លោកផងដែរចំពោះស៊ីរី និងលោក អាស្សាដ៕