(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកអាចចាប់ផ្តើមគិតគូរពិចារណាឡើងវិញ អំពីការបើកិច្ចចរចាគ្នាសាជាថ្មី ឡើងវិញជាមួយកូរ៉េខាងជើង ប៉ុន្តែរដ្ឋកុម្មុយនិស្តមួយនេះ ជាជំហានដំបូងត្រូវតែបញ្ឈប់ការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ នេះបើតាមសម្តីរមន្រ្តីការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ការលើកឡើងខាងលើនេះមានភាពផ្ទុយស្រឡះ ខុសពីសម្តីកាលពីលើកមុនរបស់លោក Rex Tillerson ដែលបាននិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតរយៈពេលពីរទសវត្សរ៍មកនេះ ដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរបានទទួលបរាជ័យ និងពុំមានហេតុផលអ្វីត្រូវដើរលើផ្លូវនេះបន្តទៀតនោះឡើយ ហើយសហរដ្ឋអាមេរិកគួរតែពិចារណានូវរាល់ជម្រើសទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ។
គួរបញ្ជាក់ថាការបន្ទន់ពាក្យសម្តីបែបនេះរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បើកកិច្ចប្រជុំកំពូលទល់មុខគ្នាលើកទីមួយ ជាមួយមេដឹកនាំចិនលោក ស៊ី ជិនពីង ដែលកាលណោះបញ្ហាកូរ៉េខាងជើង គឺជារបៀបវារៈកំពូលមួយ ដែលមហាយក្សលេខ១ និងលេខ២លើលោកនេះ យកមកពិភាក្សាគ្នាយ៉ាងក្តៅគគុកផងដែរ៕