(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យកងទ័ពអាមេរិកត្រៀមខ្លួនប្រើប្រាស់ មធ្យោបាយគ្រប់ជម្រើសទំាងអស់ ប្រឈមមុខនឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមទំាងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News លោក McMaster គូសបញ្ជាក់ថា ការសម្រេចចិត្តបញ្ជូនកងនាវាពិឃាត ដឹកនាំដោយនាវាចម្បាំង USS Carl Vinson ទៅកាន់តំបន់ឧបទ្វីបកូរ៉េ ធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត នៅក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងអាចនឹងធ្វើសកម្មភាពបង្ករឿងគ្រប់ពេលវេលា។ លោក McMaster បន្ថែមដូច្នេះថា «កូរ៉េខាងជើង កំពុងប្រកាន់អាកប្បកិរិយាបង្ករឿង ហើយបច្ចុប្បន្នរបបដ៏ទុច្ចរិតមួយនេះ បានក្លាយជាប្រទេសមានអាវុធ នុយក្លេអ៊ែរ។ ទោះបីយ៉ាងណាប្រធានាធិបតីចិន (លោក ស៊ី ជិនពីង) និងលោកប្រធានាធិបតីដូណាល់ ត្រាំ បានព្រមព្រៀងគ្នាថាវាជារឿងមិនអាចទទួលយកបាន និងត្រូវតែលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ដូច្នេះទើបលោកប្រធានាធិបតី (ត្រាំ) បានបញ្ជាឱ្យពួកយើងត្រៀមខ្លួនប្រើប្រាស់មធ្យោបាយគ្រប់ជម្រើសទាំងអស់ ដើម្បីទប់ស្កាត់ការគំរាមកំហែង ដល់ប្រជាជនអាមេរិកសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់»។
គួរបញ្ជាក់ថាការសម្រេចចិត្តបញ្ជូននាវា USS Carl Vinson ទៅកាន់តំបន់ឧបទ្វីបកូរ៉េធ្វើឡើងចំពេលស្ថានភាពនៅក្នុងតំបន់កំពុងតានតឹងស្រាប់ជាពិសេសនោះ គឺក្រោយពេលអាមេរិកវាយប្រហារលើមូលដ្ឋានទ័ពស៊ីរី បានធ្វើឱ្យគេយល់ថាទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែចង់ព្រមានរដ្ឋាភិបាលស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់ព្រមានទីក្រុងព្យុងយ៉ាងដែរថា សហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ មិនដូចជាជំនាន់ប្រធានាធិបតីអាមេរិកមុនៗនោះទេ ពោលគឺនៅជម្រើសចុងក្រោយអាមេរិក មិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធាលើកូរ៉េខាងជើង បើសិនមិនព្រមបោះចោលមហិច្ឆតានុយក្លេអ៊ែរ ឬក៏ចេះតែបង្ករឿងឥតឈប់ឈរ។ ទីក្រុងសេអ៊ូលរំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅក្នុងខែមេសានេះ៕