(អេហ្ស៊ីប)៖ អាជ្ញាធរអេហ្ស៊ីបបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏ប្រល័យ ទៅលើព្រះវិហារអ្នកកាន់សាសគ្រិស្ដស្ថិតនៅភាគខាងជើង នៃប្រទេសបានកើនឡើងដល់ ៤៤នាក់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួនពីរលើកកាលពីថ្ងៃអាទិត្យ ដែលបានកើតឡើងនៅឯព្រះវិហារគ្រិស្ត St. George Coptic ស្ថិតនៅក្នុងទីក្រុង Tanta នៃភាគខាងជើងរដ្ឋធានីគែរបានសម្លាប់មនុស្ស២៧នាក់ ហើយប៉ុន្មានម៉ោងក្រោយមក មនុស្ស១៧នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់ទី២ នៅឯខាងក្រៅព្រះវិហារគ្រិស្ដ St Mark's Coptic ក្នុងទីក្រុង Alexandria។
គួរបញ្ជាក់ថាក្រុម ISIS បានអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ ខណៈការបំផ្ទុះគ្រាប់បែកទំាងពីរលើកនេះបានបណ្ដាលឱ្យមនុស្ស ៧១នាក់រងរបួសនៅក្នុងទីក្រុង Tanta និង៣៥នាក់នៅឯទីក្រុង Alexandria៕