(ហ្សាកាតា)៖ ប៉ូលិសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ បានឱ្យដឹងថា ពួកគេបានបាញ់សម្លាប់ជនសង្ស័យ០៦នាក់ ដែលគេជឿជាក់ថា សមាជិកក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងការបាញ់ប្រហារតបតមួយនៅឯកោះជា្វ (Java)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃយប់អាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា កាលពីថ្ងៃសៅរ៍ម្សិលមិញ បុរសសង្ស័យទំាង០៦នាក់ខាងលើ បានបើករថយន្ដសំដៅទៅរកប៉ុស្ដន៍ប៉ូលិស ហើយបើកការបាញ់ ប្រហារទៅលើអាជ្ញាធរប៉ូលិស ដោយមិនបានបង្កឱ្យនរណាម្នាក់របួសនោះទេ។ ក៏ប៉ុន្តែក្រោយមក ពួកគេទំាងនេះ បានរត់ចោលរថយន្ដ ឆ្ពោះទៅកាន់តំបន់ ជនបទមួយកន្លែងស្ថិតក្នុង ខេត្ត Tuban នៃភាគខាងកើតកោះជ្វា។ «នៅពេលប៉ូលិសក្នុងតំបន់ឡោមព័ទ្ធ ពួកជនសង្ស័យ ស្រាប់តែស្នូរកាំភ្លើងផ្ទុះឡើង ហើយការ ជាឆ្លើយតបប៉ូលិសសម្រេចចិត្តបាញ់សម្លាប់បុរស០៦នាក់នោះ តែម្ដងទៅ ខណៈជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួនទាំងរស់»។ នេះបើតាមអ្នកនាំពាក្យ ប៉ូលិសជាតិឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា បើតាមប៉ូលិសឥណ្ឌនេស៊ី បុរសទាំង០៦នាក់ ដែលត្រូវបានបាញ់សម្លាប់ គឺជាសមាជិកបណ្ដាញក្រុម Jamaah Ansharut Daulah ជាក្រុមមួយ មានទំនាក់ជាមួយពួក ISIS និងតែងតែដឹកនាំសកម្មភាពវាយប្រហារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅទីក្រុងហ្សាកាតា កាលពីមករា ឆ្នាំ២០១៦៕