(សេអ៊ូល)៖ ប្រភពពីមន្ត្រីទូតកូរ៉េខាងត្បូង បានឱ្យដឹងថា លោក Wu Dawei ដែលជាបេសកជនពិសេសចិន ទទួលបន្ទុករៀបចំកិច្ចពិភាក្សា៦ភាគីស្ដីពីកម្មវិធី អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងនៅថ្ងៃចន្ទស្អែកនេះ ដើម្បីពិភាក្សាលើការគំរាមកំហែងដោយអាវុធនុយក្លេ អ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ច របស់លោក Wu ធ្វើឡើងបន្ទាប់ពីជំនួប រវាងប្រធានាធិបតីចិន លោកស៊ី ជិនពីង និងអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។ ដោយ ឡែក បើតាមប្រភពពីមន្តី្រទូតកូរ៉េខាងត្បូង លោក Wu Dawei នឹងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេល៥ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃចន្ទ ស្អែកនេះតទៅ ហើយ លោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយសមាភាគីកូរ៉េខាងត្បូង លោក Kim Hong-kyun ពាក់ព័ន្ធនឹងសកម្មភាពបង្ករឿង ជារឿយៗពីសំណាក់ទីក្រុង ព្យុងយ៉ាង ជាពិសេសនោះគឺផ្ដោតសំខាន់ ទៅលើការធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងតែម្ដង។ បន្ថែមពីលើនេះ បេសកជននុយក្លេអ៊ែរចិនរូបនេះ ក៏ត្រូវបានគេរំពឹងដែរថានឹងបញ្ជាក់ឡើងវិញ ពីគោលជំហរទីក្រុងប៉េកំាង ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើឧបទ្វីបកូរ៉េ នៅក្នុងបរិបទដែលរដ្ឋាភិបាលចិន កំពុងចាត់វិធានការសងសឹកប្រឆាំងនឹង ក្រុមហ៊ុន ក៏ដូចជាផលិតផលកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានអះអាងថា បើគ្មានជំនួយពីទីក្រុងប៉េកាំង នោះសហរដ្ឋអាមេរិក នឹងចាត់វិធានការដោយខ្លួនឯងដោះស្រាយជាមួយកូរ៉េខាង ជើង។ ការព្រមានបែបនេះវាក៏ទំនងជាបានបង្ហាញរួចទៅហើយដែរ តាមរយៈការសម្រេចចិត្តបាញ់មីស៊ីល លើមូលដ្ឋានទ័ពអាកាសស៊ីរី ដែលនេះត្រូវបានក្រុម អ្នកជំនាញខ្លះយល់ថាទីក្រុងវ៉ាស៊ីនតោន ចង់ក្រើនរំលឹកចិនឱ្យត្រៀមខ្លួនការពារកូរ៉េខាងជើង ត្បិតសហរដ្ឋអាមេរិក របស់លោក ដូណាល់ ត្រាំ មិនស្ទាក់ស្ទើរ ឡើយក្នុងការប្រើប្រាស់កម្លំាងយោធា បើសិនវាជារឿងចាំបាច់ត្រូវតែធ្វើ៕