Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីអាស៊ាន និងជប៉ុន ឯកភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ក្នុងតំបន់

09-04-2017 10:05

(ក្យូដូ, ជប៉ុន)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងឆ្នាំ២០១៧នេះ ដែលមានឈ្មោះថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយកម្រិតតំបន់ (RCEP)។

ការប្តេជ្ញាចិត្ត បានធ្វើឡើងក្នុងអំឡុងពេលរដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេសអាស៊ាន ចូលជួបសំដែងការគួរសមជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន កាលពីព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧ ក្នុងខេត្តអូសាកា ប្រទេសជប៉ុន។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សា និងព្រមព្រៀងលើការអភិវឌ្ឍធនធានមនុស្ស, ការរៀបចំច្បាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រេចបានក្របខ័ណ្ឌពាណិជ្ជកម្មសេរី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងអភិវឌ្ឍផែនការជាក់លាក់ សម្រាប់កញ្ចប់កិច្ចសហប្រតិបត្តិការជាមួយអស៊ាន រួមមានការគាំទ្រក្រុមហ៊ុនខ្នាតតូច និងមធ្យមនៅក្នុងប្រទេស ជាសមាជិកអាស៊ាន។

គួររំលឹកដែរថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវបានស្នើឡើង រវាងរដ្ឋទាំងដប់នៃសមាជិកអាស៊ាន ជាមួយប្រទេសចំនួនប្រាំមួយ (អូស្ត្រាលី, ចិន, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង និងនូវែលហ្សេឡង់)។ កិច្ចពិភាក្សាស្តីពី RCEP ត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១២ នៅឯកិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។

យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិអាស៊ាន បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុនបានកើនដល់ ២៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥។ អាស៊ានបាននាំចេញចំនួន ១១៤ពាន់លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ខណៈដែលនាំចូលពីប្រទេស នៅអាស៊ីខាងកើតច្រើនជាង ១២៤ពាន់លានដុល្លារ នៅក្នុងឆ្នាំដដែលនោះ៕