(ស៊ីរី)៖ អភិបាលខេត្ត Homs បានឲ្យដឹងថា ការវាយប្រហារមីស៊ីលយ៉ាងចាស់ដៃពីសំណាក់សហរដ្ឋអាមេរិក ទៅលើបន្ទាយទ័ពអាកាស Shayrat នៅក្នុងប្រទេសស៊ីរី បានបណ្តាលឲ្យមនុស្សចំនួន១៤នាក់បាត់បង់ជីវិត ដោយនៅក្នុងចំណោមនោះមានជនស៊ីវិលស្លូតត្រង់មួយចំនួន រួមទាំងកុមារ និងស្ត្រីសរុប១៣នាក់រងរបួសផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានខាងលើ លោកអភិបាល Talal al-Barazi បានបញ្ជាក់ថា ជនរងគ្រោះនៅក្នុងការវាយប្រហារមីស៊ីល ធើ្វឡើងដោយសហរដ្ឋអាមេរិកនាថ្ងៃសុក្រម្សិលមិញនេះ ភាគច្រើនគឺជាអ្នករស់នៅក្នុងភូមិក្នុងតំបន់។ លោក Barazi បានបន្តថា «ដោយគ្មានមន្ទិលសង្ស័យនោះឡើយ ការវាយប្រហាររបស់អាមេរិកមកលើមូលដ្ឋានកងទ័ពជើងអាកាស Shayrat គឺសំដៅគាំទ្រក្រុមភេរវករ និងកាត់បន្ថយកម្លាំងប្រយុទ្ធរបស់យោធារដ្ឋាភិបាលស៊ីរី»។
យោងតាមរបាយការណ៍ចុងក្រោយ ការបាញ់ស្រោចមីស៊ីលនេះជាលទ្ធផលបានផ្តាច់យកជីវិតពលទាហានចំនួនប្រាំនាក់ និងជនស៊ីវិល០៩នាក់ ព្រមទាំងបង្ករបួសស្នាមដល់ស្រ្តីរួមជាមួយកុមារសរុប១៣នាក់ផ្សេងទៀត ដែលស្ថិតក្នុងភូមិ Shayrat ដែលស្ថិតនៅក្បែរនោះ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រម្សិលមិញនេះ មីស៊ីលប្រភេទ Tomahawk សរុបចំនួន៥៩គ្រាប់ត្រូវបានចាញ់ចេញពីនាវាពិឃាតសហរដ្ឋអាមេរិក នៅឯភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ ក្រោមការបញ្ជារបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅលើមូលដ្ឋានទ័ពអាកាសស្ថិតនៅក្បែរខេត្ត Homs របស់ស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ជាការឆ្លើយតបចំពោះការវាយប្រហារ ដោយអាវុធគីមីនៅភាគពាយ័ព្យប្រទេសមជ្ឈិមបូព៌ា របស់កងយន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី ដែលបានសម្លាប់ជីវិតជនស្លូតត្រង់ជិត១០០នាក់ បូករួមទាំងកុមារតូចៗ និងបានធ្វើឲ្យរបួសជាច្រើននាក់ផ្សេងទៀតនោះ៕