(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាក់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះថា រូបលោកបានធ្វើការពន្យល់បកស្រាយ អំពីគោលជំហរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើ ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD ផលិតឡើងដោយសហរដ្ឋអាមេរិកផ្ទាល់ នៅឧបទ្វីបកូរ៉េ ទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងអំឡុងកិច្ចប្រជុំកំពូលទល់មុខគ្នា រវាងមេដឹកនាំទាំងពីររួចរាល់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋាភិបាលទីក្រុងសេអ៊ូល លោក ដូណាល់ ត្រាំ បានផ្តល់ដំណឹងស្តីពីកិច្ចពិភាក្សារបស់លោកជាមួយមេដឹកនាំចិនលោក ស៊ី ជិនពីង ទៅកាន់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Hwang Kyo-Ahn តាមប្រព័ន្ធទូរស័ព្ទនាថ្ងៃសៅរ៍នេះ។ ដោយឡែកនៅក្នុងជំនួបនៅឯសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យលោក ស៊ី ជិនពីង ខិតខំបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយលោក ស៊ី ក៏បានយល់ព្រមផងដែរ ប៉ុន្តែពុំបានបញ្ជាក់ពីវិធានការបែបណាមួយឲ្យប្រាកដឡើយ ខណៈប្រធានបទស្តីពីប្រព័ន្ធ THAAD ពុំត្រូវបានបង្ហើបឲ្យបានដឹងថា មានលើកយកមកជជែកពិភាក្សានៅក្នុងអំឡុង នៃកិច្ចប្រជុំកំពូលអាមេរិក-ចិន ដែរឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថាប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងដាច់ខាត ចំពោះការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ ដែលពោរពេញទៅដោយប្រសិទ្ធភាពនេះ នៅលើទឹកដីកូរ៉េខាងត្បូង ដោយសារតែឥទ្ធិពលនៃរលកសញ្ញារ៉ាដាដ៏ខ្លាំងក្លារបស់វា ដែលមានសមត្ថភាពជ្រៀតចូលយ៉ាងជ្រៅទៅក្នុងដែនដីចិន។ យ៉ាងណាមិញទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានអះអាងហើយអះអាងទៀតថា វត្ថុបំណងនៃប្រព័ន្ធ THAAD មានតែមួយគត់ នោញគឺការពារការគំរាមកំហែងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕