(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកកំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកថាតើប្រទេសរុស្ស៊ីមានជាប់ពាក់ព័ន្ធ ទៅនឹងការប្រើប្រាស់អាវុធគីមីនៅប្រទេសស៊ីរីដែរឬទេ ដែលការស៊ើបអង្កេតភ្លាមៗនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ី ប្រកាសថ្កោលទោសអាមេរិកចំពោះការបាញ់មីស៊ីលចំនួន ៥៩គ្រាប់ទៅលើទឹកដីស៊ីរី និងចោទអាមេរិកថាបានរំលោភច្បាប់អន្តរជាតិបន្ថែមទៀតនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT ដកស្រង់ពី AP នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធរបស់ខ្លួនទាំងអស់ បានចោទស៊ីរីថាជាអ្នកបំផ្ទុះគ្រាប់បែកបញ្ចេញឧស្ម័នគីមីពុល បណ្តាលឲ្យមនុស្សស្លាប់ចំនួនជិត ១០០នាក់ ក្នុងនោះជាង២០នាក់ជាកុមារតូចៗ នៅក្បែរទីក្រុងហូមស៍ នៅក្នុងខេត្តអ៊ីដលីប ប៉ុន្តែប្រទេសរុស្ស៊ី និងរដ្ឋាភិបាលស៊ីរីបានអះអាងថា គ្រាប់បែកទាំងនោះជារបស់ក្រុមប្រឆាំង ឬភេរវករដែលលាក់នៅក្នុងឃ្លាំង ហើយត្រូវយន្តហោះចម្បាំងស៊ីរីវាយប្រហារចំដោយមិនដឹងថាជាឃ្លាំងគ្រាប់បែកគីមីឡើយ៕