(ម៉ូស្គូ)៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ីដ៏ទំនើបៗ និងពោរពេញដោយអានុភាពត្រូវបានដាក់ឲ្យ ប្រុងជើងការជាប់​២៤ម៉ោង ដើម្បី​យាមកាមមូលដ្ឋានយោធារបស់រុស្ស៊ី ដែលប្រចាំការនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីសហរដ្ឋអាមេរិក​បានបើកការវាយប្រហារមីស៊ីលចំនួន ៥៩​គ្រាប់ទៅលើបន្ទាយទ័ពអាកាសរបស់ រដ្ឋាភិបាលលោក អាស្សាដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ីលោក  Igor Konashenkov បានថ្លែងថា «ប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​នៅក្នុងប្រទេស​ស៊ីរី គឺសំដៅ​លើការការពារមូលដ្ឋាន​ព្រមទាំងគោលដៅ​មួយចំនួន។ ប្រព័ន្ធមីស៊ីល S-400, S-300, និង Pantsir-S1 នឹងផ្តល់ការការពារ​យ៉ាងរឹងមាំ​​សម្រាប់​មូលដ្ឋាន​យោធា​របស់រុស្ស៊ី​នៅទីនោះ ពីការវាយប្រហារ​តាមផ្លូវ​អាកាស​»។ អ្នកនាំពាក្យរូបនេះ​បានសង្កត់​ធ្ងន់ថា ប្រព័ន្ធមីស៊ីល S-400 និង Panstsir អាចធានា​បានទាំងស្រុង​ចំពោះការពារ​អង្គភាពជើងអាកាសរុស្ស៊ី​នៅឯបន្ទាយ Hmeymim ខណៈប្រព័ន្ធ​មីស៊ីលមួយ​ក្រុមទៀត ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅស៊ីរីរួមផ្សំ​ដោយ S-300 និង Panstsir កំពុងប្រុងជើង​ការពេញ​២៤ម៉ោងដូចគ្នា ដើម្បីការពារ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​របស់​​កងទ័ពជើង​ទឹករុស្ស៊ី។

គួរបញ្ជាក់ថា​រុស្ស៊ីបានប្រកាស​អំពីគំរោង​របស់ខ្លួន ក្នុងពង្រឹង​ក៏ដូចជាបង្កើន​ប្រសិទ្ធភាព​នៃប្រព័ន្ធការពារ​ដែនអាកាស នៅក្នុង​ប្រទេសស៊ីរី​ បន្ទាប់ពី​សហរដ្ឋ​អាមេរិក បានបាញ់​ស្រោចមីស៊ីល​ចំនួន​ ៥៩គ្រាប់ចេញពី​នាវាចម្បាំង​មកទៅលើប្រទេស​មជ្ឈិមបូព៌ាមួយនេះ ជាការសងសឹក​ចំពោះ​ការវាយប្រហារ​ដោយអាវុធគីមី​របស់យន្តហោះ​ចម្បាំង​រដ្ឋាភិបាល​លោក បាហ្សា អាល់ អាស្សាដ ដែលបានសម្លាប់​រង្គាលជីវិត​​ជន​ស្លូតត្រង់៕