(រ៉ង់ហ្គូន)៖ មនុស្សប្រហែល ២០នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងផ្ទុកភ្ញៀវទៅចូលរួមពិធីមង្គលការចំនួន ៦០នាក់ បានទៅបុកជាមួយកប៉ាល់ដឹកទំនិញ មួយគ្រឿងផ្សេងទៀត ហើយក៏បានលិចចូលទៅផ្ទៃទឹកនៅភាគនិរតីនៃប្រទេសមីយ៉ាន់ម៉ាតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
ទូកខាងលើត្រូវគេរាយការណ៍ថា ពុំមានភ្លើងបំភ្លឺនោះឡើយ ទើបជាហេតុបានបណ្តាលឲ្យបុកជាមួយកប៉ាល់ដឹកទំនិញបែបនេះ នៅលើដងទន្លេក្នុងទីក្រុង Pathein នាវេលាយប់ថ្ងៃសុក្រម្សិលមិញ។ អាជ្ញាធរក្នុងតំបន់កើតហេតុបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សាកសពមនុស្សចំនួន២០នាក់ ត្រូវបានរកឃើញ ហើយអ្នកដំណើរ២៧នាក់ត្រូវបានជួយសង្រ្គោះ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះកំពុងបន្តតាមស្វែងរក អ្នកដែលអាចនៅរស់រានមានជីវិត។
ជាមួយគ្នានេះអាជ្ញាធរជំនាញនៅឯកំពង់ផែនៃទីក្រុង Pathein កំពុងធ្វើការស៊ើបអង្កេតទៅលើមូលហេតុនៃការប៉ះទង្គិចគ្នានេះ ហើយមន្រ្តីរដ្ឋាភិបាលប្រចាំតំបន់ក៏នឹងជួយរៀបចំពិធីបុណ្យសពឲ្យជនរងគ្រោះផងដែរ។ ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ មន្រ្តីរដ្ឋាភិបាលមីយ៉ាន់ម៉ាមួយរូបបានថ្លែងថា វាគឺជាសោកនាដកម្មដ៏ធំមួយ ដោយសារតែមានស្រ្តី និងកុមារជាច្រើននាក់នៅលើទូកនោះ។
គួរបញ្ជាក់ថាគ្រោះថ្នាក់តាមផ្លូវទឹកបានកើតឡើងជាញឹកញាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពីព្រោះតែប្រជាជនភាគច្រើន តែងតែពឹងផ្អែកលើការធ្វើដំណើរតាមទូកដែលដឹកមនុស្សពេញៗ និងមានភាពចាស់រិចរិល។ តួយ៉ាងមនុស្ស៧៣នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់លិចសាឡង់មួយគ្រឿងកាលពីខែតុលា ឆ្នាំ២០១៦ រីឯ៦៤នាក់ផ្សេងទៀតបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ផ្លូវទឹកមួយលើកទៀតកាលពីខែមីនា ឆ្នាំ២០១៥៕