(ហ្សូរិច)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានខាតបង់ប្រាក់ចំណូលប្រមាណជិត ៤០០លានដុល្លារសហរដ្ឋអាមេរិក និងតាមការព្យាករបន្តខាតរហូតដល់ទៅជិត ៥០០លានដុល្លារទៀតក្នុងឆ្នាំ២០១៧នេះ ដោយសារតែបញ្ហាអំពើពុករលួយ។
យោងតាមរបាយការណ៍ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC របស់អង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០១៧ នេះថា «ការផ្ទុះឡើងរឿងអាស្រូវពុករលួយក្នុង FIFA បានធ្វើឲ្យសា្ថប័នមួយនេះខាតបង់ប្រាក់ចំ ណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យប៉ះពាល់ដៃគូឧបត្ថម្ភ និងឈានដល់ការបញ្ចប់កិច្ចសន្យាថែមទៀតផង»។
ក្នុងរបាយការណ៍នោះដដែលបានបញ្ជាក់ថា FIFA បានខាតបង់ប្រាក់ចំណូល ៣០០លានផោន ស្មើនឹង ៣៧១.២៥លានដុល្លារ និងតាមការព្យាករ នឹងបន្តខាតបង់រហូតដល់ទៅ ៤០០លានផោន ស្មើនឹង ៤៩១លានដុល្លារទៀត ក្នុងឆ្នាំ២០១៧ នេះ។
ទន្ទឹមគ្នានោះ ភ្នាក់ងារគ្រប់គ្រងហិរញ្ញវត្ថុរបស់ FIFA ក៏បានសំដែងក្តីព្រួយបារម្ភផងដែរជុំវិញ ការខាតបង់ដែលចេះតែកើនឡើងបែបនេះ ហើយអាចជះឥទ្ធិពលមិនល្អផងដែរ សម្រាប់រុស្ស៊ីដែលត្រៀមធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំក្រោយ បន្ទាប់ពីប្រេស៊ីលធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ២០១៤ FIFA រកបានប្រាក់ចំណូលសុទ្ធជាង១០០លានដុល្លារ ពីចំណូលសរុបប្រមាណ ៤ពាន់លានដុល្លារ។
ប្រធាន FIFA ថ្មីលោក Gianni Infantino ក៏បានធ្វើការគម្រាម និងចាត់វិធានការម៉ឺងម៉ាត់បំផុតចំពោះមន្រ្តី FIFA ណា ដែលហ៊ានប្រព្រឹត្តអំពើពុករលួយតាមរូបភាពណាមួយ និងក៏កំពុងស៊ើបអង្កេតអតីតមន្រ្តី FIFA ចាស់ៗដែលបានស្ថិត ក្រោមការដឹកនាំរបស់លោក Sepp Blatter មកផ្តន្ទាទោសទៀតផងដែរ៕