(អាមេរិក)៖ នៅក្នុងកិច្ចប្រជុំកំពូលរវាងមហាអំណាចទាំងពីរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឲ្យប្រធានាធិបតីចិនលោក ស៊ី ជិនពីង ខិតខំបន្ថែមទៀតក្នុងការដោះស្រាយ កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងជួយកាត់បន្ថយចន្លោះនៃឱនភាពសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិកជាមួយ និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
ជាការឆ្លើយតបលោក ស៊ី ជិនពីង បានព្រមព្រៀងលើគំរោងមួយរយៈពេល១០០ថ្ងៃ សម្រាប់ការជជែកពិភាក្សាអំពីការបង្កើនការនាំចេញរបស់ អាមេរិក និងការកាត់បន្ថយកំណើនពាណិជ្ជរបស់ចិន ជាមួយទីក្រុងវ៉ាស៊ីនតោន។ ម៉្យាងវិញទៀតលោកប្រធានាធិបតីចិន ក៏បានយល់់ព្រមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់ក៏ដូចជារារាំង និងដាក់សម្ពាធទៅលើកម្មវិធីមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ទោះបីជាលោក ស៊ី ពុំទាន់ផ្តល់នូវវិធីសាស្រ្តថ្មីណាមួយ សម្រាប់ការបំបាក់អត្តចរិតចចេសរឹងរូសរបស់ទីក្រុងព្យុងយ៉ាងយ៉ាងណាក្តី។
គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ ក៏បានលើកឡើងពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចំពោះសកម្មភាពទីក្រុងប៉េកាំងនៅសមុទ្រចិន ខាងត្បូងផងដែរ ខណៈដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅសហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយលោក ត្រាំ ក៏បានទទួលយកយ៉ាងពេញចិត្តនូវការអញ្ជើញរបស់លោក ស៊ី ដើម្បីទៅបំពេញទស្សនកិច្ចនៅឯប្រទេសចិនថែមទៀតផងនៅក្នុងឆ្នាំ២០១៧នេះ ប៉ុន្តែកាលបរិច្ឆេទច្បាស់លាស់ពុំទាន់ត្រូវកំណត់នៅឡើយទេ៕