(ស៊ុយអែត)៖ ប្រតិបត្តិការតាមប្រមាញ់ទ្រង់ទ្រាយធំ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងស្វះស្វែង ដើម្បីតាមរកចាប់ខ្លួន អ្នកបើកដែលបានលួចរថយន្តធុនធំមួយគ្រឿង យកទៅបើកបំបុកក្រុមអ្នកដំណើរថ្មើរជើងជាច្រើននាក់ នៅខាងក្រៅហាងលក់ទំនិញដ៏មមាញឹកមួយកន្លែង ស្ថិតចំកណ្តាលទីក្រុង Stockholm នៃប្រទេសស៊ុយអែត នាថ្ងៃសុក្រម្សិលមិញនេះ ដែលជាលទ្ធផលបានសម្លាប់ជីវិតមនុស្សកើនដល់បួននាក់ និង១៥នាក់ផ្សេងទៀតរងរបួសជាទម្ងន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសជាតិលោក Stefan Hecktor បានឲ្យដឹងថា អ្វីដែលសមត្ថកិច្ចទទួលបាន នាពេលបច្ចុប្បន្នគឺថា វាគឺជាការវាយប្រហារភេរវកម្ម។ ជាមួយគ្នានាយករដ្ឋមន្រ្តីស៊ុយអែតលោក Stefan Lofven ដែលបានផ្អាកដំណើរទស្សនកិច្ចទៅកាន់ភាគនិរតីប្រទេស ហើយវិលត្រឡប់មករដ្ឋធានី Stockholm វិញភ្លាមៗ បន្ទាប់ពីបានជ្រាបដំណឹងដ៏តក់ស្លុតនេះនោះ ក៏បានលើកឡើងថា អ្វីៗគ្រប់យ៉ាងបានចង្អុលបង្ហាញថា ជាអំពើភេរវកម្ម។
គួរបញ្ជាក់តាមមន្រ្តីប៉ូលិសស៊ុយអែតថា បុរសចំនួនពីរនាក់ហើយ ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធជាមួយករណីវាយប្រហារនេះ ក៏ប៉ុន្តែអ្នកបើករថយន្តបង្កហេតុផ្ទាល់ កំពុងស្ថិតនៅក្នុងការរត់គេចខ្លួននៅឡើយទេ៕