(ពិភពលោក)៖ ជាការឆ្លើយតបនឹងរដ្ឋាភិបាលស៊ីរី ដែលបានប្រើប្រាស់អាវុធគីមីបាញ់ប្រហារទៅលើជនស៊ីវិលរបស់ខ្លួននោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចចិត្តជ្រើសរើសផ្លូវដើរថ្មីមួយដែលផ្ទុយពីអតីតមេដឹកនាំអាមេរិក លោក Barak Obama នោះគឺការបាញ់ ប្រហារដោយប្រើប្រាស់គ្រាប់មីស៊ីល។ របត់ដ៏ឆាប់រហ័សនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក បង្កឱ្យមានការចោទជាសំណួរសំខាន់ៗ មួយចំនួន ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីមាត់ឆៅរូបនេះត្រូវប្រឈមមុខ៖
១៖ តើការបាញ់ប្រហារដោយគ្រាប់មីស៊ីលរបស់អាមេរិក ស្របតាមមូលដ្ឋានច្បាប់អន្តរជាតិឬទេ?
រដ្ឋាភិបាលរបស់លោក Donald Trump បានបាញ់គ្រាប់មីស៊ីលគ្រូស (Cruise Missile) ទៅលើប្រទេស ស៊ីរី ដែលនេះស្តែងយ៉ាងច្បាស់ ពីសកម្មភាពនៃការបញ្ឆេះសង្គ្រាម ដែលផ្ទុយពីមូលដ្ឋានច្បាប់អង្គការសហប្រជាជាតិ ហើយគ្មានការសិទ្ធិអនុញ្ញាតពីសភាអាមេរិកឡើយ។ ហេតុនេះ តើសហរដ្ឋអាមេរិកកំពុងបំពានច្បាប់អន្តរជាតិឬយ៉ាងណា?
២៖ តើរដ្ឋាភិបាលអាមេរិកបានរៀបចំគម្រោងប្រសើរជាងមុន ដើម្បីការពារជនភៀសខ្លួនស៊ីរី ដែលបន្តកើនឡើងដោយសារសង្រ្គាមដែរឬទេ?
រដ្ឋាភិបាលរបស់លោក ត្រាំ មានបំណងចង់ហាមឃាត់ជនភៀសខ្លួនស៊ីរី ដែលភាគច្រើនជាស្ត្រី និងកុមារមិនឱ្យចូលដែនដីអាមេរិក ទាំងដែលការ ពិតទៅ ពួកគេត្រឹមតែជាជនរងគ្រោះ មិនមែនជាភេរវករនោះក៏ដោយក្តី។ ពួកគេគ្រាន់តែចង់គេចចេញពីភាពសាហាវយង់ឃ្នងរបស់របប ដឹកនាំលោក Assad និងក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS ប៉ុណ្ណោះ។
គ្រាមួយ ក្នុងយុទ្ធការឃោសនាបោះឆ្នោត ប្រធានាធិបតីរូបនេះ បានលើកឡើងថា នឹងបង្កើត «តំបន់មានសុវត្ថិភាព» សម្រាប់ជនស៊ីវិលស៊ីរី។ តើលោកពិតជាអាចបង្កើតតំបន់នេះបានទេ? ការពិតទៅការបាញ់គ្រាប់មីស៊ីលទៅលើប្រទេសស៊ីរី វាបង្កការលំបាកធ្ងន់ធ្ងរពេកទៅហើយ សម្រាប់ប្រជាពលរដ្ឋស៊ីរីរាប់លាននាក់ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់លោក Assad។ តើសហរដ្ឋអាមេរិកបានត្រៀមដើម្បី ជួយជនស៊ីវិលស៊ីរី ដែលនឹងកើនឡើងដោយសារស្នាដៃរបស់ខ្លួនបានដែរ ឬទេ?
៣៖ តើការបាញ់មីស៊ីលនេះ ដើម្បីគ្រាន់តែព្រមានមេដឹកនាំស៊ីរី ឬជាផ្នែកមួយនៃយុទ្ធនាការទម្លាក់មេដឹកនាំដឹកនាំរូបនេះ?
សហរដ្ឋអាមេរិកធ្លាប់មានបទពិសោធន៍បាញ់គ្រាប់មីស៊ីលគ្រូស ទៅលើប្រទេសជាសត្រូវ ដោយលើកឡើងថា ដើម្បីបញ្ជូនសារព្រមានសត្រូវ របស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែការផ្ញើរសារព្រមាននេះ មិនសុទ្ធតែទទួលបានលទ្ធផលល្អមកវិញនោះទេ ជាក់ស្តែងដូចជាការបាញ់គ្រាប់មីស៊ីលគ្រូស របស់សហរដ្ឋអាមេរិក ទៅលើក្រុមអាល់កៃដា នៅអាហ្វហ្គានីស្ថានជាដើម។ បីឆ្នាំក្រោយមក ក្រុមអាល់កៃដាបានដាក់ចេញនូវការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលមានន័យថា គ្រាប់មីស៊ីលមិនប្រាកដថា អាចបំបាក់គូសត្រូវរបស់ខ្លួន ហើយជាជម្រើសល្អសម្រាប់ប្រើប្រាស់ នោះឡើយ។
៤៖ តើការបាញ់ប្រហារនេះ មានពាក់ព័ន្ធនឹងរុស្ស៊ីឬទេ?
លោក Assad អាចបន្តកាន់អំណាចបានរហូតមកដល់បច្ចុប្បន្ន ដោយសារការអន្តរាគមន៍របស់រុស្ស៊ីកាលពីឆ្នាំ២០១៥កន្លងទៅនេះ។ រុស្ស៊ី ជាអ្នកជួយទ្រទ្រង់របបដឹកនាំរបស់លោក ឱ្យបន្តមានជីវិតរស់ដល់សព្វថ្ងៃ។ ហេតុនេះតើបាញ់គ្រាប់មីស៊ីលម្សិលមិញនេះ ជាការប្រឆាំងនឹងអាវុធគីមី ឬជាការបង្ហាញពីការបដិសេធរបស់លោក Trump ចំពោះលោក Putin ? តើមេដឹកនាំរុស្ស៊ី នឹងប្រតិកម្មវិញបែបណាដែរ?
៥៖ តើសង្គ្រាមនេះនឹងបញ្ចប់ដោយរបៀបណា?
លោក Machiavelli Wisely បានគូសបញ្ជាក់ថា «សង្គ្រាមទាំងអស់ អាចចាប់ផ្តើមបានយ៉ាងងាយ នៅពេលដែលអ្នកចង់ចាប់ផ្តើម តែវាមិន ប្រាកដថា នឹងបញ្ចប់នៅពេលដែលអ្នកចង់បញ្ឈប់នោះទេ»។ មន្ត្រីរបស់លោក Trump បានលើកឡើងរួចមកហើយថា ការបាញ់ប្រហារគ្រាប់ មីស៊ីលគ្រូសនេះ គឺដើម្បីត្រឹមតែឆ្លើយតបនឹងរដ្ឋាភិបាលស៊ីរី ដែលប្រើប្រាស់ឧស្ម័ន Sarin បាញ់ប្រហារប្រជាពលរដ្ឋស៊ីវិលប៉ុណ្ណោះនេះមិនមែន ជាយុទ្ធនាការទ្រង់ទ្រាយធំណាមួយ ប្រឆាំងនឹងលោក Assad នោះឡើយ។
ប៉ុន្តែសូមបញ្ជាក់ថា កន្លងមកយើងតែងតែលឺសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិក ដោយប្រើលេសដោះសារផ្សេងៗ ជានិច្ចរាល់ពេលផ្តើមបង្ក ជម្លោះជាមួយប្រទេសដទៃណាមួយ តែការពិតទៅទង្វើរបស់មហាអំណាចមួយនេះ បែរជាផ្ទុយស្រឡះទៅវិញ៕ (ប្រភពពី៖ គេហទំព័រ CNN)
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា