(ហ្សាការតា)៖ ឥណ្ឌូណេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាម ច្រើនជាងគេនៅលើពិភពលោក នៅថ្ងៃសុក្រនេះបានចេញមុខថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសស៊ីរី ក៏ប៉ុន្តែព្រមពេលជាមួយគ្នាទីក្រុងហ្សាការតា ក៏ថ្កោលទោសផងដែរចំពោះការប្រើប្រាស់អាវុធគីមីនៅស៊ីរី។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសារមួយ លោក Armanatha Nasir អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីបានលើកឡើងយ៉ាងដូច្នេះថា « ឥណ្ឌូនេស៊ីពិតជាមានការព្រួយបារម្ភ ទាក់ទិននឹងការធ្វើសកម្មភាពឯកតោភាគី ពីសំណាក់ភាគីទំាងអស់រួមមានទំាងការបាញ់មីស៊ីល Tomahawk ជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមីនៅស៊ីរី (...) មួយវិញទៀតការធ្វើសកម្មភាព យោធាដោយគ្មានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ UN គឺជាទង្វើផ្ទុយទៅនឹងគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងការដោះស្រាយ និងផ្សះផ្សាជម្លោះដោយសន្តិវិធី ដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះឥណ្ឌូណេស៊ី ប្រឆាំងជាដាច់ខាតការប្រើប្រាស់អាវុធគីមី មិនថានៅទីណា ឬក្រោមហេតុផលណាមួយនោះទេ»។
គួររំលឹកថាកាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រយោធាអាមេរិកបានបាញ់មីស៊ីល៥៩គ្រាប់ស្រោចទៅលើមូលដ្ឋានទ័ពស៊ីរី Shayrat ស្ថិតនៅក្បែរទីក្រុង Homs ដោយបានសម្លាប់កងទ័ពស៊ីរី០៦នាក់ ។ រីឯប្រតិកម្មពីបណ្ដាប្រទេសមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ពោលគឺក្រៅពីឥណ្ឌូណេស៊ី រុស្ស៊ីនិង អ៊ីរ៉ង់ បានថ្កោលទោសសហរដ្ឋអាមេរិក ហើយតួកគី អង់គ្លេស អារ៉ាប៊ី សាអ៊ូឌីត និងអូស្ត្រាលីនំាគ្នាសាទរចំពោះការវាយប្រហារទៅលើកងកម្លំាងស៊ីរី ជាការសងសឹកនឹងការប្រើប្រាស់ អាវុធគីមីសម្លាប់មនុស្ស ៨៦នាក់ នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ៕