(ប៉ារីស)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរីនៃរបបរបស់លោក ជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមី។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ដកស្រង់ដោយសារព័ត៌មានបារាំង Le Figaro នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
យោធាអាមេរិកបានបាញ់មីស៊ីល៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី Shayrat ស្ថិតនៅក្បែរទីក្រុង Homs កាលពីថ្ងៃយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ដោយបានសម្លាប់កងទ័ពស៊ីរី០៦នាក់ ហើយដែលនេះគឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងកម្លាំង រដ្ឋាភិបាលប្រធានាធិបតីលោក បាស្សា អាល់ អាស្សាដ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើងអស់រយៈពេល ជាង៦ឆ្នាំមកនេះ។
ដោយឡែកថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ លោក ហ្វ្រង់ស័រ ហូឡង់ និងលោកស្រី អាន់ជែឡា មឺគែល បានគូសបញ្ជាក់ដូច្នេះថា «មូលដ្ឋានយោធាមួយនៃរបបស៊ីរី ដែលត្រូវបានប្រើប្រាស់ដើម្បីដឹកនាំការវាយប្រហារទម្លាប់គ្រាប់បែកគីមីត្រូវបានបំផ្លាញនៅយប់នេះ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក (...) ហើយ លោក អាស្សាដ គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការវិវត្តន៍ស្ថានការណ៍ដូចបច្ចុប្បន្ន ខណៈយើងក៏បានទទួលដំណឹងជាមុនដែរ មុននឹងការវាយប្រហារនេះកើតឡើង»។
គួរបញ្ជាក់ថាក្រោយសហរដ្ឋអាមេរិក បាញ់មីស៊ីលស្រោចទៅលើមូលដ្ឋានទ័ពស៊ីរី ប្រតិកម្មពីបណ្ដាប្រទេសមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដោយក្នុងនោះរុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី បាននំាគ្នាថ្កោលទោសសហរដ្ឋអាមេរិក រីឯតួកគី អង់គ្លេស អារ៉ាប៊ី សាអូឌីត និងអូស្ត្រាលីនំាគ្នាសាទរចំពោះការវាយប្រហារទៅលើកងកម្លំាងស៊ីរី ជាការសងសឹកនឹងការប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស ៨៦នាក់ នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ៕