(ម៉ូស្គូ)៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីមួយរូបបានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាង រុស្ស៊ី-អាមេរិក អាចនឹងបញ្ចប់ដោយសារតែការបាញ់មីស៊ីលចំនួន ៥៩គ្រាប់ របស់នាវាចម្បាំងអាមេរិក ទៅលើមូលដ្ឋានទ័ពមួយក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
នរណាក៏ដឹងដែរថា ស៊ីរីជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធដែលទីក្រុងម៉ូស្គូក្រសោបយ៉ាងជាប់ ទោះបីជាមានសង្គ្រាម និងការចំណាយច្រើនយ៉ាងណាក៏មិនឲ្យរបូតនោះដែរ ហើយការបាញ់មីស៊ីលយ៉ាងសង្គ្រប់របស់អាមេរិក ដែលយោងលើពាក្យចោទប្រកាន់ថា ស៊ីរីប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិល ក្មេងចាស់ប្រុសស្រីជិត ១០០នាក់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជារឿងដែលរុស្ស៊ីមិនអាចទទួលយកបាននោះឡើយ ព្រោះរុស្ស៊ីបានអះអាងរួចទៅហើយថាវាគ្រាន់ជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងការស៊ើបអង្កេតអ្វីជាមុនសោះ។
គួរបញ្ជាក់ថាយោធាអាមេរិកបានបាញ់មីស៊ីល៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាស Shayrat នៅក្នុងប្រទេសស៊ីរីកាលពីរំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ហើយដែលនេះគឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ អាស្សាដ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ។ ការបាញ់បែបនេះ រុស្ស៊ីដែលមានមូលដ្ឋានយោធាច្រើនកន្លែងនៅស៊ីរី បានបញ្ចេញប្រតិកម្មខ្លាំងៗ៕