(ម៉ូស្គូ)៖ រុស្ស៊ីបានសម្រេចចិត្តព្យួរទុកនូវអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីសន្តិសុខផ្លូវអាកាសនៅស៊ីរី រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ដូច្នេះថា «រុស្ស៊ីសម្រេចព្យួរអនុស្សរណៈពាក់ព័ន្ធនឹងការបង្ការការប៉ះទង្គិចគ្នា និងធានាសន្តិសុខផ្លូវអាកាស នៅពេលធ្វើប្រតិបត្តិការយោធានៅស៊ីរីជាមួយសហរដ្ឋអាមេរិក»។ ការសម្រេចចិត្តបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីយោធា អាមេរិក បាញ់មីស៊ីល៥៩គ្រាប់ ចេញពីនាវាពិឃាតឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ស្រោចទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី Shayrat ស្ថិតនៅក្បែរទីក្រុង Homs សម្លាប់កងទ័ពស៊ីរី០៦នាក់ ជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស៨៦នាក់ នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ ដែលទីក្រុងវ៉ាស៊ីនតោនទម្លាក់កំហុសទៅលើរបបលោក បាស្សា អាល់ ស្សាដ។
គួរបញ្ជាក់ថានៅថ្ងៃសុក្រនេះដែរ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង និងបានចាត់ទុកថាការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស ស៊ីរី គឺជាការឈ្លានពានលើដែនអធិបតេយ្យភាពរបស់ស៊ីរី និងជាទង្វើរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ហើយមិនតែប៉ុណ្ណោះវាក៏អាចនឹងបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ៕