(មូស្គូ)៖ រុស្ស៊ីបានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់ ឆ្លើយតបទៅនឹងការវាយប្រហាររបស់យោធាអាមេរិកទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី ដែលបានសម្លាប់កងទ័ពស៊ីរី០៦នាក់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ។ នេះបើតាមក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ក្រសួងការបរទេសរុស្ស៊ីនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ដូច្នេះថា៖ «រុស្ស៊ីសម្រេចស្នើកោះប្រជុំបន្ទាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»។ ការសម្រេចចិត្តបែបនេះរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីយោធាអាមេរិកបាញ់មីស៊ីល៥៩គ្រាប់ ចេញពីនាវាពិឃាតឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ស្រោចទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី Shayrat ស្ថិតនៅក្បែរទីក្រុង Homs ជាការសងសឹកទៅនឹងការប្រើប្រាស់អាវុធគីមីសម្លាប់មនុស្ស៨៦នាក់ នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ ដែលទីក្រុងវ៉ាស៊ីនតោន ទម្លាក់កំហុសទៅលើរបបលោក បាស្សា អាល់ ស្សាដ។
គួរបញ្ជាក់ថានៅថ្ងៃសុក្រនេះដែរ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង និងបានចាត់ទុកថាការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសស៊ីរី គឺជាការឈ្លានពានលើដែនអធិបតេយ្យភាពរបស់ស៊ីរី និងជាទង្វើរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ហើយមិនតែប៉ុណ្ណោះវាក៏អាចនឹងបំផ្លាញ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ៕