(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងភរិយាត្រូវបានមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ រៀបចំពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចយ៉ាងកក់ក្តៅ ដោយក្នុងនោះទោះបីជាលោក ត្រាំ ជាប់ដៃនឹងបញ្ហាស៊ីរីក្តី ក៏នៅតែបន្តពិភាក្សាសាកសួរសុខទុក្ខ និងបង្ហាញពីចំណងទាក់ទងដ៏ល្អ ជាមួយមហាយក្សចិន ហើយថែមទាំងបានទទួលការអញ្ជើញពីលោក ស៊ី ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
បន្ទាប់ពីបានទទួលទានអាហារពេលល្ងាចរួមគ្នា នៅឯរមណីយដ្ឋានរបស់លោក ដូណាល់ ត្រាំ លោក ស៊ី ជិនពីង បានថ្លែប្រាប់ប្រធានាធិបតីអាមេរិករូបនេះថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការងារជាមួយលោក ត្រាំ ដើម្បីពង្រឹងទំនាក់ទំនងចិន-អាមេរិក ទោះបីជាចេញពីចំណុចចាប់ផ្តើមថ្មីក៏ដោយ។ លោក ស៊ី បានថ្លែងដូច្នេះទៀតថា «វាមានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងចិន-អាមេរិកអាចប្រសើរឡើងបាន ហើយពុំមានហេតុផលអ្វីទាំងអស់ក្នុងការកាត់ផ្តាច់ចំណងនេះ»។ បន្ថែមពីនេះទៀតលោកប្រធានាធិបតីចិន ក៏បានឆ្លៀតទទូចឲ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក លើការវិនិយោគទុន ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលផងដែរ។
គួរបញ្ជាក់លោក ស៊ី ជិនពីង ដែលកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅរមណីយដ្ឋានឯកជន Mar-a-Lago របស់លោក ដូណាល់ ត្រាំ នៅក្នុងទីក្រុង Palm Beach នៃរដ្ឋផ្លូរីដា បន្ទាប់ពីបានបន្តដំណើរមកពីប្រទេសហ្វាំងឡង់ ហើយរូបលោកនិងលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងធ្វើការជជែកពិភាក្សាគ្នាយ៉ាងលម្អិតបន្ថែមទៀត ស្តីពីបញ្ហាជាច្រើននៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕