(អឺរ៉ុប)៖ ទីបំផុតកម្មវិធី Telegram បានសម្រេចដាក់ឲ្យដំណើរការនូវកម្មវិធីហៅទូរស័ព្ទ ឬ Telegram Call បន្ថែមលើកម្មវិធីផ្ញើសាររបស់ខ្លួន។ ម៉្យាងវិញទៀតអ្វីដែលសំខាន់នោះគឺថា Telegram Call នេះអាចទប់ស្កាត់ ការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទបាន ហើយខណៈពេលនេះអ្នកប្រើប្រាស់នៅក្នុងទ្វីបអឺរ៉ុប អាហ្រិ្វក អាមេរិក ក៏ដូចជាប្រទេសកម្ពុជាយើងផងដែរនោះ អាចទទួលអត្ថប្រយោជន៍នេះបានហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រ Telegram នារសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
កម្មវិធី Telegram Call ដែលមានកំណែប្រែ ឬ Version 3.18 ត្រូវបានដាក់ឱ្យទាញយកនៅលើទូរស័ព្ទដៃស្មាតហ្វូន ប្រភេទ Android និង iOS នៅអឺរ៉ុបមុនគេបង្អស់ ហើយក្រោយមកអ្នកប្រើប្រាស់នៅក្នុងទ្វីបអាហ្រ្វិក អាមេរិកខាងជើងនិងខាងត្បូង ព្រមទាំងកម្ពុជាយើង ក៏បានអនុញ្ញាតឲ្យចាប់ផ្តើមប្រើប្រាស់មុខងារនេះបានជាបន្តបន្ទាប់។ ជាងនេះទៅទៀត Telegram ក៏បានធ្វើការកែសម្រួលផងដែរ នូវសំឡេងរោទ៍ពេលមានការផ្ញើសារចេញ និងទទួល, ការហៅទូរស័ព្ទចេញជាសំឡេង, ការបញ្ជាក់លេខទូរស័ព្ទនៅលើអេក្រង់ទូរស័ព្ទជាដើម។
គួរបញ្ជាក់ថា ការប្រើប្រាស់ Telegram Call ត្រូវបានអះអាងថា មានសុវត្ថិភាពជាងមុន ក្នុងការធ្វើទំនាក់ទំនងគ្នា ត្បិតវាអាចធានាបាននូវសន្តិសុខនៃដៃគូសន្ទនារបស់យើង។ ជាក់ស្ដែងនៅពេលយើងប្រើប្រាស់ Telegram Call ហៅទៅកាន់ដៃគូម្ខាងទៀត នោះវានឹងបញ្ជាក់ប្រាប់យើងពីសុវត្ថិភាព ក្នុងការនិយាយទូរស័ព្ទ ដើម្បីជៀសវាងការលួចស្ដាប់ តាមរយៈការប្រៀបធៀបរូបភាព Emojis ពោលគឺបើរូបភាព Emojis ទំាងបួននៅលើកញ្ចក់ទូរស័ព្ទដូចគ្នាទំាងអស់ នោះវាបង្ហាញថាគ្មានបញ្ហាអ្វីនោះទេ ក្នុងការសន្ទនាគ្នា៕