(ស៊ីរី)៖ កងទ័ពស៊ីរីយ៉ាងហោចណាស់០៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីល៥៩គ្រាប់ របស់សហរដ្ឋអាមេរិកទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី Shayrat ស្ថិតនៅក្បែរទីក្រុង Homs កាលពីយប់ថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រនេះ ហើយមូលដ្ឋានទ័ពអាកាសនេះក៏ត្រូវបានបំផ្លាញយ៉ាងដំណំផងដែរ ខណៈអ៊ីរ៉ង់និងរុស្ស៊ីប្រកាសថ្កោលទោសធ្ងន់ៗលើអាមេរិក រីឯប្រទេសអូស្ត្រាលី អង់គ្លេស តួកគី និងជាពិសេស អារ៉ាប៊ី សាអូឌីត ប្រកាសគាំទ្រអាមេរិកពេញទំហឹង។ នេះបើតាមក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរីចុះផ្សាយបន្តដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ការវាយប្រហារខាងលើរបស់យោធាអាមេរិក ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី គឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុតប្រឆាំងនឹងមូលដ្ឋានទ័ព របស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ស្សាដ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា លោកបានបញ្ជាឱ្យបើកការវាយប្រហារនេះ អនុឡោមតាមផលប្រយោជន៍សន្តិសុខជាតិអាមេរិក និងដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងខេត្ត Idlib ដែលលោកចោទថាជាស្នាដៃកងកម្លាំង រដ្ឋាភិបាលស៊ីរី។
គួរបញ្ជាក់ថាក្រោយសហរដ្ឋអាមេរិក បាញ់មីស៊ីលស្រោចទៅលើមូលដ្ឋានទ័ពស៊ីរី ប្រតិកម្មពីបណ្ដាប្រទេសមួយចំនួនបានកើតឡើងជាបណ្ដើរៗ ដោយក្នុង នោះរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាបងធំរបស់ស៊ីរី បាននំាគ្នាថ្កោលទោស សហរដ្ឋអាមេរិក ខណៈតួកគី អង់គ្លេស និងអូស្ត្រាលី នំាគ្នាទះដៃសារទរចំពោះ ការវាយប្រហារទៅលើកងកម្លំាងស៊ីរី ជាការសងសឹកនឹងការប្រើប្រាស់អាវុធគីមី៕