(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសស៊ីរី គឺជាការឈ្លាន​ពានលើរដ្ឋមួយ ហើយដែលនេះគឺជាទង្វើរំលោភទាំងស្រុង លើច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះវាក៏អាចនឹងបំផ្លាញទំនាក់ទំនង​រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ ខណៈរដ្ឋាភិបាលអ៊ីរ៉ង់បានចេញមុខថ្កោលទោសកម្រិតធ្ងន់បំផុត ទៅនឹងទង្វើរបស់អាមេរិក។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡំាង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយដូច្នេះថា «លោកប្រធានាធិបតីពូទីន បានចាត់ទុកថា​ ការវាយប្រហាររបស់​សហរដ្ឋអាមេរិកប្រឆាំងនឹងស៊ីរី គឺជាទង្វើ​ឈ្លានពាន​លើដែនអធិបតេយ្យភាព​នៃរដ្ឋមួយ និងរំលោភច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ដោយឈរលើ​លេស​ដែលទីក្រុងវ៉ាស៊ីនតោន បានបង្កើត​ឡើង។ ក៏ប៉ុន្តែអ្វី​ដែលសំខាន់នោះ​គឺថា​ វាក៏អាចនឹង​បំផ្លាញផងដែរ​ដល់ទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ»។ ដោយឡែក​ជុំវិញ​ការវាយប្រហារនេះដែរ ក្រុមអង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី អះអាងថា កងទ័ពស៊ីរីយ៉ាង​ហោចណាស់​០៤នាក់ បានស្លាប់។

គួរបញ្ជាក់ថា​បើតាមប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ការវាយប្រហារ​ដោយគ្រាប់មីស៊ីល ៥៩គ្រាប់ បាញ់ចេញពី​នាវាពិឃាតអាមេរិក​ឈរជើង នៅតំបន់សមុទ្រ​មេឌីទែរ៉ាណេទៅលើមូលដ្ឋានទ័ព​អាកាសស៊ីរីកាលពីយប់​ថ្ងៃព្រហស្បតិ៍ ធ្វើឡើងផ្អែកលើ​​ផលប្រយោជន៍​​សន្តិសុខជាតិ​​អាមេរិក និងដើម្បី ជាការឆ្លើយតបទៅនឹងអ្វីដែលលោកផ្ទាល់ចោទថា របបស៊ីរីបានប្រើប្រាស់ប្រើអាវុធគីមី សម្លាប់ជនស៊ីវិលរាប់សិបនាក់នៅខេត្ត Idlib​ កាលពីថ្ងៃអង្គារ៕