(ម៉ានីល)៖ ហ្វីលីពីននឹងធ្វើការអភិវឌ្ឍមូលដ្ឋានដែលមានស្រាប់ នៅតាមបណ្តាកោះ និងតំបន់ថ្មប៉ប្រះទឹករបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដោយមិនមែនទៅកាន់កាប់ដែនដីថ្មីនោះឡើយ ដើម្បីគោរពតាមគោលការណ៍មិនផ្លូវការកាលពីឆ្នាំ២០០២ របស់ផ្លូវទឹកមានជម្លោះមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា រូបលោកបានចេញបញ្ជាឲ្យកងកម្លាំងយោធា ទៅកាន់កាប់កោះ និងតំបន់ថ្មប៉ប្រះទឹកនៅទំនេរមួយចំនួន ដែលទីក្រុងម៉ានីលបានធ្វើការទាមទារគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញឲ្យច្បាស់អំពីដែនអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីន។
នៅថ្ងៃសុក្រនេះមន្រ្តីយោធាការពារជាតិហ្វីលីពីន បានចេញមុខមកបកស្រាយឡើងវិញអំពីការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី។ មេបញ្ជាការកងទ័ពជើងទឹកម្នាក់បានថ្លែងថា «ការបង្គាប់បញ្ជារបស់លោកប្រធានាធិបតីត្រូវបានបញ្ជាក់ច្បាស់ដូចថ្ងៃអ៊ីចឹង គឺកាន់កាប់តែលើតំបន់ដែលយើងបាន និងកំពុងគ្រប់គ្រងហើយស្រាប់ប៉ុណ្ណោះ។ ហើយហ្វីលីពីនមិនត្រូវបានអនុញ្ញាតឲ្យ ធ្វើការកាន់កាប់ដែនដីថ្មីៗ នៅក្នុងប្រជុំកោះ Spartly នៃតំបន់វិវាទសមុទ្រចិនខាងត្បូង ដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ២០០២»។
គួរបញ្ជាក់ថាចិនបានធ្វើការទាមទារគ្រប់គ្រងស្ទើរតែទាំងស្រុង ទៅលើដែនសមុទ្រចិនខាងត្បូង ដែលមានទំហំពាណិជ្ជកម្មដល់ប្រមាណជាប្រាំពាន់ពាន់លានដុល្លារៗក្នុងមួយឆ្នាំៗ ខណៈព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់ ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ៕