(ផាមប៊ិច)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងរូបលោកបានបញ្ជាឲ្យមានការ វាយប្រហារមីស៊ីលទៅលើមូលដ្ឋានយោធាមួយកន្លែងរបស់ប្រទេសស៊ីរី គឺដើម្បីតែផលប្រយោជន៍ សន្តិសុខជាតិដ៏សំខាន់ និងទប់ស្កាត់អាវុធគីមី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋផ្លូរីដា លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «វាស្ថិតក្នុងផលប្រយោជន៍សន្តិសុខជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិក ដើម្បីបង្ការ និងរារាំងការរីករាលដាល ក៏ដូចជាការប្រើប្រាស់អាវុធគីមីដ៏សាហាវៗ» ហើយលោក ត្រាំ ក៏បានអំពាវដល់ប្រជាជាតិលើពិភពលោកឲ្យរួមសាមគ្គីគ្នា ដើម្បីបញ្ចប់ការសម្លាប់រង្គាល និងការបង្ហូរឈាមនៅក្នុងប្រទេសស៊ីរី។ ជាមួយគ្នានេះលោកប្រធានាធិបតីអាមេរិក បានថ្កោលទោសធ្ងន់ៗចំពោះប្រធានធិបតីស៊ីរីលោក បាស្សា អាល់ អាស្សាដ ថាបានឆក់យកជីវិតបុរស ស្រ្តី និងក្មេងៗស្លូតត្រង់ដែលពុំមានកំហុសអ្វីទាំងអស់ យ៉ាងវេទនា។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួន នាវាចម្បាំងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលចំនួន៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់រដ្ឋាភិបាលស៊ីរី ដោយទីក្រុងវ៉ាស៊ីនតោនជឿជាក់ថា កងយន្តហោះចម្បាំងស៊ីរីដែលឈរជើងនៅទីនោះ បានបើកប្រតិបត្តិការវាយប្រហារដោយអាវុធគីមីកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានសម្លាប់ជីវិតជនស៊ីវិលស្លូតត្រង់អស់ជិត១០០នាក់ រួមមានទាំងកុមារ និងបានបណ្តាលឲ្យរាប់រយជាច្រើននាក់ផ្សេងទៀតរងរបួសជាទម្ងន់ នៅខេត្ត Idlib។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសស៊ីរីបានបកស្រាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋាភិបាលស៊ីរីទៅលើទីក្រុង Khan Sheikhun ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាម នៅក្នុងខេត្តខាងលើ បានត្រូវចំលើឃ្លាំងស្តុកសារធាតុគីមីរបស់ក្រុមឧទ្ទាម ដោយបានបដិសេធថាកងទ័ពជើងអាកាសស៊ីរី ពុំបានបាញ់ឧស្ម័នគីមីពុលក្នុងអំឡុងប្រតិបត្តិការនេះឡើយ។
ម៉្យាងវិញទៀតយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានធ្វើការគូសបញ្ជាក់ និងសង្កត់ធ្ងន់ជាពិសេស អំពីភាពមិនអាចទទួលយកបានដាច់ខាត នៃការបង្កើតពាក្យចោទប្រកាន់ដែលពុំមានភស្តុតាងជាក់ស្តែង ក៏ដូចជាមូលដ្ឋានគាំទ្រច្បាស់លាស់ ប្រឆាំងនឹងអ្នកណាម្នាក់ ដោយមិនទាន់ទាំងមានការស៊ើបអង្កេតអន្តរជាតិ ប្រកបដោយភាពហ្មត់ចត់ល្អិតល្អន់និងតម្លាភាពផងនោះ»។
ជុំវិញបញ្ហារឿងអាវុធគីមីនេះ អន្តរជាតិភាគច្រើនសុទ្ធតែមានជំនឿជឿជាក់ថា សោកនាដកម្មនៅស៊ីរីនាដើសប្តាហ៍នេះ ដែលបានឆក់យកជីវិតជនស្លូតត្រង់ជិត១០០នាក់ រួមទាំងកុមារចំនួនយ៉ាងតិច២០នាក់ ក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib នោះ ត្រូវបានបង្កឡើងនិងជាកំហុសរបស់រដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ ដែលជាមេដឹកនាំនៃប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះទាំងស្រុង។
គួរបញ្ជាក់ថាក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ថាកងយន្តចម្បាំងរដ្ឋាភិបាលស៊ីរីដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះ ពិតជាបានបើកការវាយប្រហារទៅលើទីក្រុង Khan Sheikhun ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកឧទ្ទាមប្រាកដមែន ប៉ុន្តែមិនបានប្រើប្រាស់អាវុធគីមីនោះឡើយ។ យ៉ាងណាមិញជាអកុសលប្រតិបត្តិការនេះ បានវាយលុកចំលើឃ្លាំងស្តុកអាវុធគីមីរបស់ក្រុមឧទ្ទាម ទើបជាហេតុបានបណ្តាលឲ្យកើតមានជាសោកនាដកម្មដ៏អាក្រក់បែបនេះ។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក៏បានបើកនិងបញ្ចប់កិច្ចប្រជុំរកដំណោះស្រាយបញ្ហាអាវុធគីមីនៅស៊ីរីផងដែរ ប៉ុន្តែមិនទាន់ចេញសេចក្តីសម្រេចអ្វីនៅឡើយទេ៕