(វ៉ាស៊ីនតោន)៖ តម្លៃប្រេងឆៅបានហក់ឡើងថ្លៃ២ភាគរយបន្ថែមនៅថ្ងៃសុក្រនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់មីស៊ីល៥៩គ្រាប់ ចេញពីនាវាពិឃាតឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសរដ្ឋាភិបាលស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
បន្ទាប់ពីមានការវាយប្រហារនេះប្រេងឆៅអឺរ៉ុបប្រភេទ Brent បានហក់ឡើងថ្លៃ ៥៦.០៨ដុល្លារក្នុងមួបារ៉ែល មុននឹងធ្លាក់មកនឹងត្រឹម ៥៥.៧៥ដុល្លារក្នុងមួយបារ៉ែល ឬកើនឡើង១.៦ភាគរយ។ ចំណែកឯ ប្រេងឆៅអាមេរិក WTI ក៏បានឡើងថ្លៃខ្ពស់ដល់២ភាគរយផងដែរ ឬស្នើនឹង ៥២.៩៤ដុល្លារក្នុងមួយបារ៉ែល មុននឹងធ្លាក់មកនៅត្រឹម ១.៨ភាគរយ ឬក៏ស្មើនឹង ៥២.៦១ដុល្លារក្នុងមួយបារ៉េល (នេះបើគិតត្រឹមម៉ោង ០៣៖១០នាទី GMT ម៉ោងសកល)។
គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកបានបញ្ជាឱ្យបាញ់មីស៊ីលទំាងនេះ ទៅលើមូលដ្ឋានទ័ពអាកាស ស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធគីមី ដែលលោកចោទថា ប្រព្រឹត្តឡើងដោយរដ្ឋាភិបាលលោក បាស្សា អាល់ អាស្សាដ កាលពីថ្ងៃអង្គារ ហើយលោកក៏បានអះអាងដែរថា ការសម្រេចចិត្តរបស់លោកធ្វើឡើងដោយផ្អែកលើផលប្រយោជន៍សន្តិសុខជាតិអាមេរិក៕