(បាងកក)៖ ប៉ូលិសថៃនៅសុក្រនេះបានរាយការណ៍ អំពីការវាយប្រហារដល់ទៅ២២ករណី ដោយក្នុងនោះមានករណីបំផ្ទុះគ្រាប់បែកទ្រង់ទ្រាយតូចយ៉ាងតិចប្រាំ នៅតំបន់ភាគខាងត្បូងប្រទេសថៃ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានឡាយព្រះហស្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី នាល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបញ្ចប់របបដឹកនាំយោធា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
លោក Pramote Prom-In អ្នកនាំពាក្យកងកម្លាំងសន្តិសុខក្នុងតំបន់កើតហេតុបានឲ្យដឹងថា «ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើងដើម្បីបង្កចលាចលនៅក្នុងប្រទេសទាំងមូល។ ពួកគេចង់កម្ទេចភាពអាចជឿទុកចិត្ត និងពឹងផ្អែកបានរបស់រដ្ឋាភិបាល ហើយបង្កើតភាពភ័យខ្លាចនៅក្នុងចំណោមប្រជាជន»។ យ៉ាងណាមិញពុំទាន់មានការចេញមុខអះអាងថា អ្នកណានៅពីក្រោយហេតុការណ៍ដ៏អាក្រក់ទាំងនេះនៅឡើយទេ ហើយកងកម្លាំងសន្តិសុខបានក៏មិនមានតំរុយថា ជាស្នាដៃរបស់ក្រុមណាមួយដែរ ខណៈព័ត៌មានលម្អិតស្តីពីការវាយប្រហារ និងចំនួនជនរងគ្រោះមិនទាន់ត្រូវបានគេដឹងដូចគ្នា។
គួរបញ្ជាក់ថាព្រះរាជាថៃបានឡាយព្រះហស្ថលេខាអនុម័តលើរដ្ឋធម្មនុញ្ញថ្មីឲ្យចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលវាគឺជាជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិ ដែលរបបយោធានេះបានសន្យាថា នឹងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ានមួយនេះឡើយវិញ នៅក្រោយរដ្ឋប្រហារដោយជោគជ័យលើទី១២ កាលពីឆ្នាំ២០១៤ ដែលបានទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីនាយករដ្ឋមន្ត្រី៕