(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា លោកគឺជាអ្នកបញ្ជាឱ្យបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី ជាការសងសឹកទៅនឹងអ្វី ដែលទីក្រុងវ៉ាស៊ីនតោនចោទថា រដ្ឋាភិបាលស៊ីរីបានធ្វើការវាយប្រហារដោយអាវុធគីមីសម្លាប់ជនស៊ីវិល ជិត១០០នាក់នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago estate ក្នុងរដ្ឋ Florida លោក ត្រាំ បានជម្រុញឱ្យប្រជាជាតិទាំងអស់ ធ្វើការងាររួមគ្នាដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាមនៅស៊ីរី។ ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងដូច្នេះថា «កាលពីថ្ងៃអង្គារកន្លងទៅជនផ្ដាច់ការស៊ីរី បាស្សា អាល់ អាស្សាដ បានប្រើប្រាស់អាវុធគីមីសម្លាប់ជនស៊ីវិលស្លូតត្រង់ជាច្រើននាក់... ដូច្នេះនៅយប់នេះ ខ្ញុំអំពាវនាវឱ្យប្រជាជាតិទាំងអស់ធ្វើការងាររួមគ្នា ក្នុងការស្វែងដំណោះស្រាយបញ្ចប់ ការសម្លាប់រង្គាល និងសង្រ្គាមបង្ហូរឈាមនៅស៊ីរី ព្រមទាំងកម្ចាត់ក្រុមភេរវករគ្រប់ប្រភេទ និងគ្រប់ទម្រង់ទាំងអស់។ មួយវិញទៀតយើងក៏សង្ឃឹមដែរថា ដរាបណាសហរដ្ឋអាមេរិក នៅឈរការពារយុត្តិធម៌ នោះសន្តិភាព និងភាពសុខដុមនឹងកើនមានឡើង»។
គួរបញ្ជាក់ថា បើតាមតួលេខថ្មីមនុស្សយ៉ាងហោចណាស់ ៨៦នាក់ ក្នុងនោះមានកុមារ ២២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមានការប្រើបា្រស់អាវុធគីម នៅក្នុងទីក្រុង Khan Sheikhun នៃខេត្ត Idlib កាលពីថ្ងៃអង្គារ។ ការប្រើប្រាស់អាវុធគីមីរបៀបនេះ នៅក្នុងសង្រ្គាមស៊ីរីក៏ធា្លប់ត្រូវបានគេរាយការណ៍ ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ៕