(តូក្យូ)៖ ទីបំផុតប្រទេសជប៉ុនបានបញ្ចេញទណ្ឌកម្ម ជាឯកតោភាគីម្តងទៀត ប្រឆាំងទង្វើគគ្លើនរបស់ប្រទេសកូរ៉េខាងជើង ដែលនៅតែបន្តការធ្វើតេស្តបាញ់គ្រាប់មីស៊ីល ធ្លាក់មកក្នុងសមុទ្រជប៉ុនជារឿយៗ ដែលបានបង្កឲ្យប្រទេសជប៉ុន មានការភ័យព្រួយកាន់តែខ្លាំងឡើងផ្នែកសន្តិសុខ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
គណរដ្ឋមន្ត្រីជប៉ុនបានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧ ដើម្បីសម្រេចធ្វើការដាក់ទណ្ឌកម្មបន្តទៅលើកូរ៉េខាងជើង ខណៈដែលទណ្ឌកម្មចាស់ពីមុននឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ។ សេចក្តីសម្រេចថ្មីនេះគឺបានចែងថា ប្រទេសជប៉ុននៅតែបន្តធ្វើពាណិជ្ជកម្មជាមួយនឹងកូរ៉េខាងជើងដដែល ប៉ុន្តែរាល់នាវារបស់កូរ៉េខាងជើង មិនអាចចូលចតកំពង់ផែរបស់ជប៉ុនបានឡើយ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលជាច្រើនគ្រាប់នៅអំឡុងខែមីនា និងឈានចូលដល់ដើមខែមេសានេះ ដោយសារតែការធ្វើសមយុទ្ធយោធារវាង កូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលត្រូវបានទីក្រុងព្យុងយ៉ាងចោទប្រកាន់ថា ជាការត្រៀមបង្កហេតុមកលើកូរ៉េខាងជើង។ បន្ថែមពីនេះទៀត មានអ្នកវិភាគខ្លះលើកឡើងថា វាក៏ជាការធ្វើតេស្តចំពោះទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើងខ្លួនឯងផងដែរ៕