(ម៉ូស្គូ)៖ ឆ្លើយតបទៅនឹងដំណោះស្រាយរដ្ឋពីរដែលហាក់មិនអាចដោះស្រាយបញ្ហាអ្វីបាន ចំពោះអ៊ីស្រាអែល និងប៉ាឡេស្ទីននោះ រដ្ឋាភិបាលទីក្រុងម៉ូស្គូបានលើកឡើងថា រុស្ស៊ីត្រៀមខ្លួនទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមខាងលិចជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល លុះត្រាណាតែប្រទេសអ៊ីស្រាអែលព្រមទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមខាងកើត ជារបស់ប៉ាឡេស្ទីនដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើនេះជាភាសាអង់គ្លេសតែម្តង ដែលមានន័យយ៉ាងដូច្នេះថា «ការបង្កើតសន្តិភាពសម្រាប់តំបន់មជ្ឈិមបូព៌ា តាមរយៈការបង្កើតលក្ខខណ្ឌសម្រាប់បោះជំហានទៅមុខ ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ទៅលើដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងជម្រុញឲ្យមានការរស់នៅជាមួយគ្នាប្រកបដោយសន្តិសុខក្នុងនាមជាអ្នកជិតខាងនឹងគ្នា»។
គួរបញ្ជាក់ថាកិច្ចប្រជុំលើកចុងក្រោយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននោះ ក្រុមហាម៉ាស់ដែលជាអ្នកគ្រប់គ្រងតំបន់ហ្គាសាមិនបានចូលរួមនោះឡើយ ដែលវាបានទទួលបរាជ័យកាលពីឆ្នាំ២០១៤ នៅពេលដែលកើតមានជម្លោះយ៉ាងខ្លាំងក្លានៅតំបន់វែសត៍ប៊ែង។ ទោះបីជាបែបនេះក្តី ប្រទេសរុស្ស៊ីដែលជាអ្នកដើរតួយ៉ាងសំខាន់មួយនៅក្នុងការដោះស្រាយបញ្ហានេះ បានដាក់លក្ខខណ្ឌឲ្យអ៊ីស្រាអែលដូចខាងលើ ដើម្បីអាចឲ្យតំបន់ទាំងមូលឈានទៅរកការព្រមព្រៀងគ្នា ទើបបង្កើតបាននូវសន្តិភាពដែលពិភពលោកចង់ឃើញ៕