(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានបាញ់មីស៊ីល៥៩គ្រាប់ ទៅលើមូលដ្ឋានទ័ពអាកាស Shayrat នៅក្នុងប្រទេសស៊ីរីកាលពីរំលងអាធ្រាតថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ហើយដែលនេះគឺជាការវាយប្រហារដោយផ្ទាល់ជាលើកដំបូងបំផុត ប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី លោក បាស្សា អាល់ អាស្សាដ ចាប់តំាងពីសង្រ្គាមស៊ីរីផ្ទុះឡើងអស់រយៈពេលជាង០៦ឆ្នាំមកនេះ។ នេះបើតាមសម្តីមន្ត្រីអាមេរិកម្នាក់ដកស្រង់ដោយសារព័ត៌មាន Washington Post នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
មន្ត្រីរូបនេះដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងទៀតថា មីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីនាវាមុជទឹក ដែលឈរជើងនៅតំបន់សមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធគីមី សម្លាប់មនុស្ស ៨៦នាក់ក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារកន្លងទៅ។ បើសិនជាព័ត៌មាននៃការវាយប្រហារនេះជាការពិត នោះវាអាចនឹងទាញឱ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខដោយផ្ទាល់ជាមួយបងធំរបស់ស៊ីរីគឺ អ៊ីរ៉ង់ និងរុស្ស៊ី ហើយមិនតែប៉ុណ្ណោះកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។
គួរបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា ការវាយប្រហារដោយអាវុធគីមីនៅស៊ីរី គឺជាទង្វើឃោឃៅប្រឆាំងនឹងមនុស្សជាតិ ដែលមិនអាចអត់ឱ្យបានជាដាច់ខាត ហើយលោកថែមទំាងបានបញ្ជាក់ចំៗថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការដោយខ្លួនឯង នៅក្នុងករណីក្រុមប្រឹក្សាសន្តិសុខ UN មិនអាចដោះស្រាយរឿងស៊ីរីបានទេនោះ៕