(វ៉ាស៊ីនតោន)៖ បន្ទាប់ពីការអញ្ជើញមកដល់របស់ប្រធានាធិបតីចិនលើទឹកដីសហរដ្ឋអាមេរិក, លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានទទួលស្វាគមន៍សមាភាគីចិនលោក ស៊ី ជិនពីង រួមទំាងភរិយា នៅឯរមណីយដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់កិច្ចប្រជុំកកំពូលជាលើកដំបូង រវាងមេដឹកនាំមហាអំណាចទំាងពីរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក ត្រាំ បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ថា សហរដ្ឋអាមេរិក និងចិន នឹងមានទំនាក់ទំនងដ៏ល្អបំផុតមួយ ខណៈអ្នកទំាងពីរ បានអង្គុយទទួលទានអាហារពេលល្ងាចជាមួយគ្នា នៅឯរមណីយដ្ឋាន Mar-a-Lago។ ក៏ប៉ុន្តែទន្ទឹមគ្នា នៅក្រោយពេលបាយ ល្ងាចប្រធានាធិបតីទាំងពីរនៅមានរឿងជាច្រើនត្រូវដោះស្រាយ ពោលគឺគេរំពឹងថា លោក ត្រាំ នឹងដាក់សម្ពាធ ឬក៏ជំរុញឱ្យសមាភាគីរបស់លោក ប្រើឥទ្ធិពល ទីក្រុងប៉េកាំងបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង រីឯលោក ស៊ី ជិនពីង ក៏នឹងប្រើឱកាសនេះបញ្ជាក់ឱ្យបាន ច្បាស់ពីគោលជំហរសហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក នឹងដោះស្រាយ ជាមួយកូរ៉េខាងជើងតែម្នាក់ បើសិនជាចិនមិនរវីរវល់ទេនោះ។ ម្យ៉ាងវិញទៀត ក្រៅតែពីសំណុំរឿងកូរ៉េខាងជើង មេដឹកនាំមហាអំណាចទាំងពីរ ក៏ទំនងជានឹងពិភាក្សាគ្នាផង ដែរ ជុំវិញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ជាពិសេសនោះគឺការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង តែម្ដងដែលទីក្រុងប៉េកាំងចាត់ទុកថា នឹងបង្កជាគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ខ្លួន៕