(ពិភពលោក)៖ ការប្រើប្រាស់អាវុធគីមី ត្រូវបានចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះបណ្តាលឱ្យមនុស្សស្លាប់ច្រើន សន្ធឹកសន្ធាប់ដោយសារឥទ្ធិពលដ៏ខ្លាំងការរបស់វា។ ថ្មីៗនេះការប្រើប្រាស់អាវុធគីមី ក្នុងប្រទេស ស៊ីរី បានទាញពិភពលោកឱ្យចាប់អារម្មណ៍ និងថ្កោលទោសជាខ្លាំង ព្រោះវាបណ្តាលឱ្យមនុស្សស្លាប់ច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរួមទាំងជនស៊ីវិល ពិសេសកុមារតូចៗផងដែរ។
តើច្បាប់អន្តរជាតិស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធគីមី បានចែងដូចម្តេចខ្លះ?
* មុនសង្គ្រាមលោកលើកទីពីរ៖
ច្បាប់អន្ដរជាតិបានហាមឃាត់ការប្រើប្រាស់អាវុធគីមី មានចាប់តាំងពីឆ្នាំ១៨៩៩មកម្ល៉េះ ក្រោមអនុសញ្ញាក្រុងឡាអេ មាត្រា២៣ នៃបទប្បញ្ញត្តិ ដែលគោរពតាមច្បាប់នៃសង្រ្គាមដីគោក ដែលបានហាមឃាត់ការប្រើប្រាស់ថ្នាំពុល និងអាវុធគីមី។ ជាមួយគ្នានេះដែរ សេចក្តីប្រកាសដាច់ ដោយឡែកមួយបានចែងថា រាល់សង្រ្គាមរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាខាងលើ ត្រូវជៀសវាងរាល់ការប្រើអាវុធ ដែលមានសាយភាព ឧស្ម័នពុល asphyxiating ឬdeleterious។
ដោយឡែកក្នុងសន្ធិសញ្ញាស្តីពីសង្គ្រាមទ័ពជើងទឹកវិញ បានចុះហត្ថលេខាកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩២២កន្លងទៅនេះ ត្រូវបានគេស្គាល់ថា ជាសន្ធិសញ្ញា Five-Power Treaty មានគោលដៅហាមឃាត់ការប្រើប្រាស់សារធាតុ CW ប៉ុន្តែត្រូវបានប្រទេស បារាំងច្រានចោល។ ភាពបរាជ័យក្នុងការដាក់សារធាតុពុល CW ក្នុងការហាមឃាត់ ជម្រុញឱ្យមានការកើនឡើងជាលំដាប់នូវការផលិត និងការរក្សាទុកឧស្ម័ន នេះកាន់តែច្រើន។
ក្នុងកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវខាងលើ ត្រូវបានគេស្គាល់ជាផ្លូវការថា ជាកិច្ចព្រមព្រៀងហាមឃាត់ការប្រើប្រាស់ឧស្ម័ន Asphyxiating, Poisonous និងឧស្ម័នពុលផ្សេងទៀតក្នុងសង្គ្រាម។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខានៅទីក្រុងហ្សឺណែវ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩២៥ និងចូលជាធរមាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩២៨ ដោយមាន១៣៣ប្រទេសដែលបានចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ អ៊ុយក្រែនជាប្រទេសហត្ថលេខីចុងក្រោយបំផុត គឺនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៣។
* កំណែទម្រង់កិច្ចព្រមព្រៀងជាថ្មី៖
អនុសញ្ញាអាវុធគីមី ឆ្នាំ១៩៩៣ គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងសព្វាវុធចុងក្រោយបំផុត នៃច្បាប់អន្តរជាតិ ដែលមានឈ្មោះពេញថា អនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ ការផលិត ការរក្សាទុកនិងការប្រើប្រាស់ និងការបំផ្លាញអាវុធគីមី។ កិច្ចព្រមព្រៀងនេះ ស្ថិតក្រោមការគ្រប់គ្រងដោយអង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហៅកាត់ថា OPCW ជាអង្គការឯករាជ្យ ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេស ហូឡង់៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា