(វ៉ាស៊ីនតោ)៖ អនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូណេស៊ី អូស្រ្តាលី និងរដ្ឋហាវ៉ៃ នៅក្នុងខែមេសានេះ ដើម្បីប្រើប្រាស់ការបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីជជែកពិភាក្សាអំពីគោលនយោបាយសេដ្ឋកិច្ច និងផ្តល់ទំនុកចិត្តសាជាថ្មីម្តងទៀត អំពីការប្តេជ្ញាដ៏មុះមុតឥតងាករេ របស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ចាប់ពីថ្ងៃទី១៥ ដល់២៥ ខែមេសា លោក Pence នឹងអមដំណើរដោយភរិយានិងកូនស្រីចំនួនពីរនាក់។ លោកអនុប្រធានាធិបតីអាមេរិក នឹងទៅដល់ទីក្រុងសេអ៊ូល នាថ្ងៃទី១៦ ខែមេសា នៅមុនពេលបន្តការធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃទី១៨, ទីក្រុងហ្សាការតានាថ្ងៃទី២០, ទីក្រុងស៊ីដនីនៅថ្ងៃទី២២, និងទីក្រុងហូណូលូលូ នាថ្ងៃទី២៤ ខែមេសា៕