(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ បើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ ព្រះមហាក្សត្រថៃទ្រង់ មហា វិច្ឆិរ៉ាឡុងកន បានឡាយព្រះហស្ថលេខាហើយ នៅថ្ងៃព្រហស្បតិ៍នេះ លើរដ្ឋធម្មនុញ្ញថ្មីដែលនេះគឺជាជំហាន ដ៏សំខាន់មួយឆ្ពោះទៅរកការរៀបចំការបោះឆ្នោតសកល បន្ទាប់ពីមានរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ទម្លាក់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ពីនាយករដ្ឋមន្ត្រី។
២៖ ការនាំចេញសត្វបង្កងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ត្រូវបានគេសង្កេតឃើញថាមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។
៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងបន្តពង្រឹង សមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីការពារខ្លួនក៏ដូចជាសម្ព័ន្ធមិត្តទាំងឡាយ ពីការវាយប្រហាររបស់កូរ៉េខាងជើង ដែលចេះ តែបង្ករឿងនៅក្នុងតំបន់ឥតឈប់ឈរ។
៤៖ ស្របពេលសមត្ថភាពមីស៊ីលកូរ៉េខាងជើងកាន់តែរីកចំរើនទៅមុខ កូរ៉េខាងត្បូងក៏កំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនដោយនៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូលបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងប្រភេទ Hyunmoo ដែលអាចរត់បានចំងាយ ៨០០គីឡូម៉ែត្រ និងបាញ់ដល់គ្រប់ ទីតាំងនៅលើទឹកដីកូរ៉េខាងជើង។
៥៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍បានឱ្យដឹងថាក្រុមភេរវករ ISIS បានប្រហារជីវិតមនុស្ស ៣៣នាក់ នៅតំបន់ភាគខាងកើតប្រទេសស៊ីរី ខណៈនៅអ៊ីរ៉ាក់ក៏មានសេចក្ដីរាយការណ៍ថាក្រុមភេរវករមួយនេះក៏បានសម្លាប់មនុស្ស២២នាក់ផងដែរ។
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលស្វាគមន៍សមភាគីចិន លោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសហរដ្ អាមេ រិក) នៅឯរមណីយដ្ឋានរបស់លោកផ្ទាល់ក្នុងរដ្ឋផ្លូរីដា ហើយនៅក្នុងជំនួបមួយទល់នឹងមួយលើកដំបូងបំផុតនេះ មេដឹកនាំទំាងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាលើប្រធានបទសំខាន់ដូចជា កូរ៉េខាងជើង ពាណិជ្ជកម្ម តៃវ៉ាន់ សមុទ្រចិនខាងត្បូង និងបញ្ហាសិទ្ធិមនុស្ស។
៧៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចេញបញ្ជាបញ្ជូនកងទ័ពឲ្យទៅកាន់កាប់កោះមួយចំនួន នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង៕