(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកលោក David Nunes នឹងដកខ្លួនចេញពីការស៊ើបអង្កេតទៅលើការចោទប្រកាន់ដែលថារដ្ឋាភិបាលរុស្ស៊ី បានចូលមកជ្រៀតជ្រែងក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ បន្ទាប់ពីរូបលោកបានទទួលរងការដាក់សម្ពាធយ៉ាងខ្លាំង ពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។
សមាជិកសភានៃគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋកាលីហ្វរញ៉ារូបនេះ បានឲ្យដឹងថាលោកនឹងចុះចេញពីការស៊ើបអង្កេតនេះ ដោយសារតែការចោទប្រកាន់ដែលខុសទាំងស្រុង របស់ការិយាល័យក្រមសីលធម៌សភាប្រឆាំងមកលើរូបលោក។ ព្រមពេលជាមួយគ្នា ការសម្រេចចិត្តនេះ ក៏នឹងជះផលប៉ះពាល់ដល់ ការស៊ើបអង្កេតរបស់គណៈកម្មាធិការខាងលើ ទៅក្នុងការចោទប្រកាន់មួយទៀត ដែលថាក្រុមការងាររៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក ដូណាល់ ត្រាំ អាចធ្លាប់លួចធ្វើការទាក់ទងជាសម្ងាត់ ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូផងដែរ កាលពីលោក ត្រាំ មិនទាន់ឡើងកាន់អំណាចជាផ្លូវការ។
គួរបញ្ជាក់ថា ការស៊ើបអង្កេតខាងលើ នឹងត្រូវប្រគល់មកឲ្យសមាជិកសភារដ្ឋតិចសាស់លោក Michael Conaway, លោក Trey Gowdy សមាជិកសភារដ្ឋការ៉ូលីណាខាងត្បូង, និងលោក Tom Rooney សមាជិកសភារដ្ឋផ្លូរីដា ជាអ្នកចាត់ចែងគ្រប់គ្រងវិញ៕