(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា រូបលោកបានចេញបញ្ជាឲ្យបញ្ជូនកងទ័ពហ្វីលីពីន ទៅ​ឈរ​ជើងតាម​បណ្តា​ប្រជុំ​កោះ រួមទាំងតំបន់ថ្មប៉ប្រះទឹកនៅទំនេរនានាទាមទារ ដែលទីក្រុងម៉ានីលបានទាមទារគ្រប់គ្រង នៅក្នុងដែនសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ បន្ទាយទាហានមួយកន្លែងនៅលើកោះ Palawan ភាគខាងលិចប្រទេស​ ដែលស្ថិតនៅក្បែរប្រជុំកោះ Spartly នៃដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ មេដឹកនាំហ្វីលីពីន រូបនេះបានលើកឡើងថា «វាហាក់​ដូចជាអ្នករាល់គ្នាកំពុងតែព្យាយាមដណ្តើមកាន់កាប់បណ្តាកោះទៅទីនោះ (សមុទ្រចិនខាងត្បូង) រៀងៗខ្លួន ហេតុដូច្នេះហើយយល់​ល្អ​យើង​គួរតែទៅរស់នៅលើកោះនានាដែលនៅទំនេរនៅឡើយ​»

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបន្តថា វាដល់ពេលហើយសម្រាប់កសាងមូលដ្ឋានផ្សេងៗនៅទីនោះ ហើយបង្ហូតទង់ជាតិ ហ្វីលីពីនឡើង ដើម្បី​យ៉ាងហោចណាស់អាចទទួលបានចំណែកដែលជារបស់ហ្វីលីពីន និងបញ្ជាក់ឲ្យគូវិវាទដឹងថាវាគឺជារបស់ ទីក្រុងម៉ានីល ដែលបានទាមទារ​ធ្វើការគ្រប់គ្រងលើកោះនិងថ្មប៉ប្រះទឹកចំនួនពី០៩ទៅដល់១០កន្លែង។ ម៉្យាងវិញទៀតលោក ឌូតឺតេ បានបន្ថែមថា លោក​អាចនឹង​ទៅ​បំពេញ​ទស្សនកិច្ចនៅតាមតំបន់ដែលស្ថិតក្រោមការទាមទាររបស់ហ្វីលីពីន នៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីអបអរទិវាឯករាជ្យជាតិរបស់​​ប្រទេសលោកផងដែរ។

គួរបញ្ជាក់ថា ក្រៅពីហ្វីលីពីនគូបដិបក្សផ្សេងទៀតនៅក្នុងបញ្ហាជម្លោះតំបន់សមុទ្រចិនខាងត្បូងមានដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេ រួមទាំងចិន ដែលជាអ្នកទាមទារការគ្រប់គ្រងស្ទើរតែទាំងស្រុងទៅលើផ្លូវទឹក ដែលមានទំហំពាណិជ្ជកម្មដ៏ធំធេង និង​ពោរពេញទៅដោយធនធានដ៏សម្បូរបែបមួយនេះ៕